(រីយាដ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា បណ្តាមេដឹកនាំអារ៉ាប់ និងមូស្លីម បានមកដល់ទីក្រុងរីយាដ សម្រាប់កិច្ចប្រជុំដែលកំណត់ឡើងនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះ ដោយផ្តោតលើសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា និងនៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា វាជាកិច្ចប្រជុំលើកដំបូងក្នុងនេះ ក្នុងនាមសម្ព័ន្ធភាពអន្តរជាតិ និងដែលគ្រោងជំរុញឱ្យមានដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន។ ក្រៅពីនេះក៏នឹងមានការពិភាក្សាគ្នា អំពីសកម្មភាពរបស់យោធាអ៉ីស្រាអែល លើដែនដីប៉ាឡេស្ទីន លីបង់ និងការវិវត្តន៍នាពេលបច្ចុប្បន្ននៅក្នុងតំបន់ផងដែរ។

តាមបណ្តាញព័ត៌មាន Al-Ekhbariya ដែលមានទំនាក់ទំនងនឹងរដ្ឋអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu និងនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានទៅដល់ទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif ក៏នឹងចូលរួមកិច្ចប្រជុំនេះដែរ។ រីឯភាគីអ៉ីរ៉ង់ ចូលដោយអនុប្រធានាធិបតី លោក Mohammad Reza Aref។

គួរបញ្ជាក់ថា ក្រោយសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន មនុស្សជាង ៤៣,៦០០នាក់ហើយត្រូវបានសម្លាប់ ដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថាភាគច្រើនគឺជាជនស៉ីវិល។ នៅឯលីបង់វិញ ការបាញ់ផ្លោងឆ្លងព្រំដែនកើតមានឡើងកាន់តែខ្លាំង នៅចុងខែកញ្ញា ជាពេលដែលអ៉ីស្រាអែល បង្កើនការវាយប្រហារតាមអាកាសប្រឆាំងក្រុមហេសបូឡា មុនពេលបញ្ជូនកងទ័ពជើងគោកទៅកាន់ភាគខាងត្បូង៕