(កៀវ)៖ ក្រសួងការបរទេសអ៊ុយក្រែន បានចេញមុខច្រានចោល សេចក្តីរាយការណ៍ព័ត៌មាន ដែលថាទីក្រុងកៀវ ត្រូវបានជូនដំណឹងជាមុន អំពីកិច្ទសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សារព័ត៌មានអាមេរិក Washington Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា លោក ត្រាំ និងលោក ពូទីន បានសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានពិភាក្សាអំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មានដដែល ទីក្រុងកៀវទទួលបានការជូនដំណឹងជាមុន អំពីកិច្ចសន្ទនាតាមទូរស័ព្ទនោះ និងមិនបានជំទាស់ឡើយ។ ជុំវិញសេចក្តីរាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា សេចក្តីរាយការណ៍ដែលថា អ៊ុយក្រែនត្រូវបានជូនដំណឹងជាមុន អំពីកិច្ចសន្ទនាតាមទូរស័ព្ទនោះ គឺមិនពិតឡើយ ហើយទោះជាបែបនេះក្តី អ៊ុយក្រែនមិនគាំទ្រ ឬក៏ជំទាស់ កិច្ចសន្ទនានោះទេ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយលោកនឹងត្រឡប់មកដឹកនាំសហរដ្ឋអាមេរិក សម្រាប់អាណត្តិទី២ នៅដើមឆ្នាំក្រោយ។ លោក ត្រាំ ធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិក បានមួយអាណត្តិកាលពីចន្លោះឆ្នាំ២០១៧-២០២១៕