(វ៉ាស៉ីនតោន)៖ ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីយប់ថ្ងៃអាទិត្យ ទី១០​ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានសម្រេចចិត្តជ្រើសរើស សមាជិកសភាបក្សសាធារណរដ្ឋ លោកស្រី Elise Stefanik ឱ្យធ្វើជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅកាន់កាសែត New York Post លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំមានកិត្តិយសណាស់ ក្នុងការជ្រើសរើសលោកស្រី Elise Stefanik ឱ្យកាន់តួនាទីក្នុងគណៈរដ្ឋមន្រ្តីរបស់ខ្ញុំ ក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN»។ ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ទៅកាន់ New York Post លោកស្រី Stefanik ផ្ទាល់ ក៏បាននិយាយដែរថា លោកស្រី បានសម្រេចទទួលយក ការតែងតាំងរបស់លោក ត្រាំ ហើយទន្ទឹងរង់ចាំការអនុម័តយល់ស្រប ពីព្រឹទ្ធសភាអាមេរិក។

បច្ចុប្បន្ន លោកស្រី Stefanik គឺជាសមាជិកបក្សសាធារណរដ្ឋ ដែលមានឋានៈជាន់ខ្ពស់លំដាប់ទី៤ នៅក្នុងសភាតំណាងរាស្រ្ត ឬរដ្ឋសភារបស់សហរដ្ឋអាមេរិក។ ការតែងតាំងលោកស្រី ជាឯកអគ្គរដ្ឋទូតប្រចាំ UN នៅក្នុងរដ្ឋបាលលោក ត្រាំ ក៏ត្រូវបានរាយការណ៍ ដោយសារព័ត៌មានអាមេរិក CNN ផងដែរ ដែលបានយោងតាម ប្រភពមិនបញ្ចេញអត្តសញ្ញាណចំនួន២។

គួរបញ្ជាក់ថា ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជា​ផ្លូវការ នៅខែមករា ឆ្នាំក្រោយ។ វានឹងជាអាណត្តិដឹកនាំលើកទី២ របស់លោក ត្រាំ បន្ទាប់ពីលោកធ្លាប់ធ្វើជាប្រធានាធិបតីបានមួយអាណត្តិ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១៕