(កៀវ)៖ ការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ បានសម្លាប់មនុស្ស ៥នាក់ របួស ១៩នាក់ និងបង្កការឆាបឆេះដល់អគារមួយចំនួន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

អភិបាលតំបន់ បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា មានមនុស្ស ៤នាក់ស្លាប់ ក្នុងតំបន់ Mykolaiv និងម្នាក់ទៀតនៅតំបន់ Zaporizhzhia ជាកន្លែងអគារស្នាក់នៅមួយចំនួន រងការខូចខាត។ អ្នករបួសក្នុងតំបន់ Zaporizhzhia មានក្មេងៗ ៥នាក់ និងអាយុចន្លោះ ៤ ទៅ ១៧ឆ្នាំ។ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ ដោយឯករាជ្យបានទេ ព្រោះមិនទាន់មានការបញ្ជាក់ពីរុស្ស៉ី។ ប៉ុន្តែភាគីទាំងសងខាង តែងតែបដិសេធកំណត់គោលដៅលើជនស៉ីវិល។

គួរបញ្ជាក់ថា តំបន់ Mykolaiv, Zaporizhzhia និងភាគច្រើននៃភាគខាងកើតអ៊ុយក្រែន បានស្ថិតក្រោមការជូនដំណឹង អំពីការវាយប្រហារតាមផ្លូវអាកាស ក៏ដូចជាការគំរាមកំហែងពីការវាយប្រហារ ដោយយន្តហោះដ្រូនរបស់រុស្ស៉ី ពេញមួយយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ៕