(ហ៊្សេរុយសាឡិម)៖ ក្រសួងការពារជាតិអ៉ីស្រាអែល បានចាប់ផ្តើមគម្រោងរួមគ្នាជាមួយ ក្រសួងការពារជាតិនៃសហព័ន្ធអាល្លឺម៉ង់ ជុំវិញការដាក់ពង្រាយលើកដំបូង នូវប្រព័ន្ធស្ទាក់ចាប់មីស៉ីល Arrow-3 របស់អ៉ីស្រាអែល នៅលើទឹកដីអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្រសួងការពារជាតិអ៉ីស្រាអែល បានឱ្យដឹងថា មានជំនួបប្រជុំរវាងក្រុមហ៊ុន Israel Aerospace Industries (IAI) ជាមួយក្រុមហ៊ុន MBDA Deutschland GmbH ក្រោមការសម្របសម្រួលពីក្រុមហ៊ុនរដ្ឋអ៉ីស្រាអែល Elbit Systems។ Arrow ដែលមានប្រព័ន្ធស្ទាក់ចាប់មីស៉ីល Arrow-2 និង Arrow-3 ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអ៉ីស្រាអែល និងសហរដ្ឋអាមេរិក មានសមត្ថភាពទប់ស្កាត់ការគំរាមកំហែង នៃមីស៉ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ ហើយ IAI គឺជាម្ចាស់គម្រោង។ ដោយមានការអនុម័តពីសហរដ្ឋអាមេរិក កាលពីឆ្នាំមុន អ៉ីស្រាអែល បានព្រមព្រៀងលក់ប្រព័ន្ធមីស៉ីល Arrow-3 ទៅឱ្យអាល្លឺម៉ង់ ក្នុងតម្លៃ ៣.៥ពាន់លានដុល្លារ។
គួរបញ្ជាក់ថា អាល្លឺម៉ង់ ក៏ដូចជាប្រទេសជិតខាងអឺរ៉ុប បាននិងកំពុងបង្កើនការចំណាយ លើវិស័យការពារជាតិ ក្រោយសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះឡើង៕