(ព្រុចសែល)៖ សហភាពអឺរ៉ុបនៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនបានផ្គត់ផ្គង់គ្រាប់ផ្លោងជាង ៩៨០,០០០ គ្រាប់ទៅឱ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយគ្រោងនឹងបញ្ជូនបន្ថែមឱ្យបានមួយលានគ្រាប់នៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ដំបូងឡើយ សហភាពអឺរ៉ុបបានគ្រោងផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំ 155-mm ចំនួន ១លានគ្រាប់ទៅឱ្យអ៊ុយក្រែន នៅខែមីនា ឆ្នាំ២០២៤។ ប៉ុន្តែក្រោយមកមន្ត្រីសហភាពអឺរ៉ុប បានបញ្ជាក់ថា សមត្ថភាពផលិតមិនគ្រប់គ្រាន់ ដើម្បីសម្រេចគោលដៅនេះទាន់ពេលវេលា។

លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន European Pravda ថា សហភាពអឺរ៉ុប បានខកខានមិនបានសម្រេចគោលដៅនេះ នៅនិទាឃរដូវនេះទេ ប៉ុន្តែលោកជឿជាក់ថា សហភាពអឺរ៉ុបនឹងអាចផ្គត់ផ្គង់គ្រាប់ផ្លោង ១លានគ្រាប់ទៅឱ្យអ៊ុយក្រែនបាននៅចុងឆ្នាំនេះ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់គ្រាប់ផ្លោងនេះ គឺជាផ្នែកមួយនៃការគាំទ្រយោធាដែលសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តបានផ្តល់ជូនដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ការគាំទ្រនេះ រួមមានទាំងការផ្តល់អាវុធ គ្រាប់រំសេវ ការបណ្តុះបណ្តាលយោធា និងជំនួយមនុស្សធម៌។

បន្ថែមពីលើការផ្គត់ផ្គង់ពីសហភាពអឺរ៉ុប អ៊ុយក្រែនក៏កំពុងបង្កើនផលិតកម្មគ្រាប់ផ្លោងក្នុងស្រុកផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស។ មន្ត្រីអ៊ុយក្រែន បានអះអាងថា អ៊ុយក្រែនអាចផលិតគ្រាប់ផ្លោងបានរាប់លានគ្រាប់ក្នុងមួយឆ្នាំ បើទោះបីជាមុនសង្រ្គាម អ៊ុយក្រែនមិនមានសមត្ថភាពផលិតគ្រាប់ផ្លោងក៏ដោយ៕