(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តអ៉ីស្រាអែល លោក Ron Dermer បានជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅរីសត Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ផ្អែកលើប្រភពពីក្រុមមន្រ្តីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក គេហទំព័រព័ត៌មាន Axios កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍ថា មានជំនួបរវាងប្រធានាធិបតីជាប់ឆ្នោត និងលោក Dermer ដែលជាមនុស្សជំនិតរបស់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ មុនពេលរដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ ត្រូវជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃចន្ទ។ ក្នុងពេលនៃជំនួប លោក Dermer បានប្រាប់លោក ត្រាំ អំពីផែនការរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា លីបង់ និងអ៉ីរ៉ង់ សម្រាប់រយៈពេល ២ខែខាងមុខ។ លោក Dermer ក៏បានជួបកូនប្រសារប្រុសរបស់លោក ត្រាំ ដែលគេស្គាល់ថាជាទីប្រឹក្សាកំពូលមួយរូបលើកិច្ចការមជ្ឈិមបូព៌ា អំឡុងអាណត្តិដំបូងរបស់លោកផងដែរ។
គួរបញ្ជាក់ថា ក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងបទឈប់បាញ់សង្រ្គាមហ្កាហ្សា កំពុងជាប់គាំង ខណៈដែលប្រទេសកាតា បានប្រកាសដកខ្លួនចេញពីតួនាទី ជាអ្នកសម្របសម្រួលកិច្ចចរចា។ កាលពីថ្ងៃចន្ទ អ៉ីស្រាអែលបានឱ្យដឹងថា មានភាពរីកចម្រើនក្នុងការពិភាក្សាអំពីបទឈប់បាញ់ នៃសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសលីបង់៕