(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែលថ្មី លោក Gideon Saar បាននិយាយច្រានចោលថា គំនិតចង់បង្កើតប្រទេសប៉ាឡេស្ទីន គឺជាគោលដៅគ្មានភាពប្រាកដនិយម បន្ទាប់ពីមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas បានគូសបញ្ជាក់សាជាថ្មី នូវការប្តេជ្ញារបស់លោក ក្នុងការចង់ឱ្យប៉ាឡេស្ទីន ក្លាយជាប្រទេសមានអធិបតេយ្យពេញលេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឆ្លើយតបនឹងសំណួរស្តីពី ការបង្កើតប្រទេសប៉ាឡេស្ទីន ជាថ្នូរជាមួយការស្តារទំនាក់ទំនងរវាងអ៉ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ លោក Saar បានលើកឡើងដូច្នេះថា «ខ្ញុំមិនយល់ថា គោលជំហរនេះ មានភាពប្រាកដនិយមឡើយ នាពេលនេះ ហើយយើងចាំបាច់​ត្រូវតែមានភាពប្រាកដនិយម»។ លោករដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល បានបន្តថា ប្រទេសប៉ាឡេស្ទីន នឹងក្លាយជាប្រទេសហាម៉ាស ដោយលោកចង់សំដៅលើ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលអ៉ីស្រាអែលបាននិងកំពុងបន្តធ្វើសង្រ្គាមប្រឆាំង នៅឯតំបន់ហ្កាហ្សា តាំងតែពីជាង១ឆ្នាំមុន។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក Mahmoud Abbas បាននិយាយយ៉ាងដូច្នេះថា «សន្តិសុខនិងស្ថិរភាព អាចសម្រេចទៅបាន លុះត្រាតែមាន ការបង្កើតអធិបតេយ្យនិងឯករាជ្យ នៅលើទឹកដីនៃប្រទេសប៉ាឡេស្ទីនមួយ ប៉ុណ្ណោះ»។ ក្នុងសប្តាហ៍នេះ ក្រុមមេដឹកនាំនៃបណ្តាប្រទេសអារ៉ាប់និងមូស្លីម បានជួបជុំគ្នានៅអារ៉ាប៊ីសាអូឌីត ដើម្បីបើកកិច្ចប្រជុំកំពូល ពាក់ព័ន្ធបញ្ហាសង្រ្គាមនៅហ្កាហ្សា និងនៅប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែល ក៏កំពុងប្រយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់ហាម៉ាស គឺក្រុមចលនាប្រដាប់អាវុធហេសបូឡា ផងដែរ៕