(ប៉េកាំង)៖ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ ផលិតផលច្នៃប្រឌិតថ្មីជាច្រើន ដែលប្រកបដោយឌីជីថលភាវូបនីយកម្ម ភាពបៃតងនិងភាពវៃឆ្លាតត្រូវបានដាក់បង្ហាញជាបន្តបន្ទាប់ ដែលបញ្ចេញកម្លាំងច្នៃប្រឌិតថ្មី ឥតឈប់ឈរ។

ក្នុងនាមជាវេទិកាសំខាន់សម្រាប់ទូទាំងពិភពលោក ចែករំលែកកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មី ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទីមួយដល់លើកទី៦ បានដាក់តាំងបង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្ម ថ្មីដែលមានលក្ខណៈតំណាងជិត ២៥០០ផ្នែក។ ពាណិជ្ជករជាច្រើនបានបើកហាងលក់ទំនិញថ្មី រោងចក្រថ្មីនិងមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មីនៅប្រទេសចិន ដែលបានពូនជ្រំនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មី។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ បានបង្កើតការតាំងពិព័រណ៍ពិសេសនៃសម្ភារៈថ្មីជាលើកដំបូង ផលិតផលដែលត្រូវដាក់ចេញជាលើកដំបូង នៅទូទាំងពិភពលោក ត្រូវដាក់តាំងបង្ហាញជាលើកដំបូងនៅអាស៊ី និងដាក់តាំងពិព័រណ៍ជាលើកដំបូងនៅប្រទេសចិន ជាង៤០០បានបង្ហាញមុខនៅទីនេះ ដោយបង្ហាញពីកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីនាំឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលប្រកបដោយភាពច្នៃប្រឌិតថ្មីដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជះឥទ្ធិពលដល់ទូទាំងពិភពលោក។

ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិ មិនត្រឹមតែត្រូវបានរៀបចំឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏មានភាពច្នៃប្រឌិតថ្មីកាន់តែច្រើនឡើងៗដែរ បានក្លាយជាវេទិកាមួយដែលដាក់បង្ហាញ ជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាឈានមុខថ្មីនិងសេវាកម្មច្នៃប្រឌិតថ្មី នៅទូទាំងពិភពលោកដែលត្រូវគេទទួលស្គាល់ជាទូទៅ។ តើវាមានកម្លាំងទាក់ទាញមកពីណា? បើមើលពីទិសដៅទូទៅ នៃវេទិកានេះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ថ្នាក់ជាតិ លើកដំបូងដែលចាត់ទុកការនាំចូលជាប្រធានបទ វាបានបង្កើតវេទិកាដាក់តាំងបង្ហាញជាលើកដំបូង សម្រាប់ផលិតផលថ្មី និងផលិតផលប្រណីតលើពិភពលោក ចូលក្នុងប្រទេសចិន ក៏បានផ្តល់មធ្យោបាយដោយផ្ទាល់ សម្រាប់ឱ្យផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មី សម្រេចបាននូវការធ្វើពាណិជ្ជនីយកម្ម។

បើមើលពីវិស័យប្រើប្រាស់ ទីផ្សារចិនដ៏ធំធេងដែលមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់ និងក្រុមមនុស្សចំណូលមធ្យម ជាង៤រយលាននាក់បានផ្តល់កន្លែងធ្វើបទពិសោធន៍ និងកន្លែងដាក់លក់ដ៏ល្អប្រសើរដល់ផលិតផលថ្មី និងបច្ចេកវិទ្យាថ្មីនៅទូទាំងពិភពលោក។ បើមើលពីបរិយាកាសច្នៃប្រឌិតថ្មី ជនជាតិចិនស្រឡាញ់ការច្នៃប្រឌិតថ្មីជាប់រហូតមក ជាពិសេសនៅរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ចិនបានក្តាប់ជាប់ឱកាសនៃការធ្វើបដិវត្តន៍ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីមួយ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី ដែលផ្តល់បរិយាកាសល្អនៃការច្នៃប្រឌិតថ្មីចំពោះសហគ្រាសទុនបរទេស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសទុនបរទេស ជាច្រើនបានជ្រើសរើសការបង្កើត មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍នៅប្រទេសចិន ហើយបន្តជំរុញការច្នៃប្រឌិតថ្មីនៅចិន តាមរយៈវេទិកាដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើម ហើយទទួលបានសមិទ្ធផលមួយចំនួន។

ទន្ទឹមនឹងការដែលប្រទេសចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បានកកើតទៅជាកម្លាំងទាក់ទាញថ្មី ក្នុងមជ្ឈដ្ឋានសេដ្ឋកិច្ចសកល។ យោងតាមរបាយការណ៍ប្រចាំឆ្នាំថ្មីបំផុត ដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ ចំនួនស្នើសុំកម្មសិទ្ធិបញ្ញារបស់ចិនក្នុងវិស័យប៉ាតង់ ម៉ាកសញ្ញានិងការរចនា រូបរាងនៃផលិតផលឧស្សាហកម្មជាដើម សុទ្ធតែកាន់ចំណាត់ថ្នាក់ទីមួយលើពិភពលោក ។ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២៤ ដែលចេញផ្សាយដោយអង្គការនេះឱ្យដឹងថា ចិនជាអង្គភាពសេដ្ឋកិច្ចមួយដែលមានសមត្ថភាព ច្នៃប្រឌិតថ្មីកើនឡើងឆាប់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ បានធ្វើការរៀបចំចាត់ចែងចំពោះ ការបង្កើតនិងគាំទ្រយន្តការនិងប្រព័ន្ធនយោបាយ ប្រកបដោយការច្នៃប្រឌិតថ្មី ដោយគ្រប់ជ្រុងជ្រោយ និងបន្តតម្កល់ការច្នៃប្រឌិតថ្មីនៅឋានៈដ៏លេចធ្លោ។ អាចប៉ាន់ប្រមាណថា ក្នុងពិព័រណ៍នាំចូលចិន អន្តរជាតិដែលបើកធ្វើជារៀងរាល់ឆ្នាំ អ្វីដែលសហគ្រាសទុនបរទេសទទួលបានមិនត្រឹមតែជាការបញ្ជាទិញ ទីផ្សារនិងគំនិតថ្មីប៉ុណ្ណោះទេ ថែមទាំងក៏ជាកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ ដែលនាំមកដោយការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន