(ប៉េកាំង)៖ ថ្ងៃទី៨ ខែវិច្ឆិកា លោក Marcos ប្រធានាធិបតីហ្វីលីពីន បានចុះហត្ថលេខាលើ អ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីដែនសមុទ្រ》 និង 《សេចក្តីព្រាងច្បាប់ ស្តីពីផ្លូវសមុទ្រនៃប្រជុំកោះ》 ដែលបានដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើន នៃប្រជុំកោះ Nanshaព្រមទាំងដែនសមុទ្រ ពាក់ព័ន្ធនៃប្រទេសចិន ទៅក្នុងដែនសមុទ្រហ្វីលីពីន ដោយខុសច្បាប់។ ទង្វើរបស់ហ្វីលីពីននេះ មិនត្រឹមតែជាការប៉ុនប៉ង ចង់ពង្រឹងការកាត់ក្តីដោយខុសច្បាប់ នៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង តាមរយៈទម្រង់នីតិប្បញ្ញត្តិក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏ជា "កលល្បិចសម្ងាត់" ខាងនយោបាយមួយរបស់រដ្ឋាភិបាលហ្វីលីពីន បច្ចុប្បន្នក្នុងបរិបទនៃយុទ្ធសាស្ត្រសន្តិសុខជាតិ និងគោលនយោបាយការទូតថ្មីផងដែរ។

លោក Chen Xiangmiao ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីកងទ័ពជើងទឹកពិភពលោក នៃវិទ្យាស្ថានស្រាវជ្រាវសមុទ្រចិនខាងត្បូងចិនបានវិភាគថា វាមិនមែនជារឿងចៃដន្យទេ ដែលហ្វីលីពីនបានចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់ទាំងពីរនេះនៅ មួយថ្ងៃបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតសកលរបស់អាមេរិក តែគឺជាការរៀបចំចាត់ចែងយ៉ាងម៉ត់ចត់ ហើយមានការប៉ុនប៉ង៣ចំណុច៖ ទីមួយ គឺប៉ុនប៉ងកកូរទឹកឱ្យល្អក់ ដើម្បីចាប់ត្រី ដែលឆ្លៀតឱកាសនៃស្ថានភាពអន្តរជាតិដ៏រង្គោះរង្គើ និងការបញ្ចប់នៃការបោះឆ្នោតសកលរបស់អាមេរិក ដើម្បីកាត់បន្ថយសម្ពាធពីមតិសាធារណៈក្នុងតំបន់ និងអន្តរជាតិដែលបណ្តាលមកពី ការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់។ ទីពីរ គឺព្យាយាមធ្វើឱ្យប្រតិបត្តិការខុសច្បាប់របស់ខ្លួន នៅសមុទ្រចិនខាងត្បូងក្លាយជារឿងស្របច្បាប់ និងបង្កបង្កើតជា "ការពិតជាស្រាប់" ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិកអាណត្តិក្រោយ ឱ្យបន្តផ្តល់ការគាំទ្រដល់ហ្វីលីពីនលើ បញ្ហាសមុទ្រចិនខាងត្បូង។ ទី៣ ហ្វីលីពីនក៏មានគោលបំណងចង់ស្ទាបស្ទង់ គំនិតរបស់រដ្ឋាភិបាលអាមេរិកអាណត្តិក្រោយ និងផ្គាប់ចិត្តរដ្ឋាភិបាលអាមេរិកអាណត្តិក្រោយ។

មិនថាភាគីហ្វីលីពីនលេងកលល្បិចយ៉ាងណាក៏ដោយ ក៏វាពិបាកនឹងសម្រេចបាននូវគោលបំណងទេ។ ពិព្រោះថា៖ សេចក្តីព្រាងច្បាប់ទាំងពីរនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើ អធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង បានល្មើសនឹងគោលការណ៍សំខាន់ស្តីពី "ការដោះស្រាយការខ្វែងគំនិត តាមរយៈការចរចារសន្ទនា និងការពិគ្រោះពិភាក្សាគ្នា" ដែលបានកត់សម្គាល់ក្នុង《សេចក្តីប្រកាសប្រតិបត្តិ នៃបណ្ដាភាគីសមុទ្រចិនខាងត្បូង》និងបំផ្លិចបំផ្លាញប្រព័ន្ធច្បាប់អន្តរជាតិ ដែលមានស្រាប់ គឺខុសច្បាប់និងត្រូវទុកជាមោឃៈ។

ប្រទេសចិនមានអធិបតេយ្យភាពលើប្រជុំកោះ Nansha និងដែនទឹកនៅជុំវិញ ក៏ដូចជាប្រជុំកោះ Zhongsha និងដែនទឹកនៅជុំវិញ ដែលក្នុងនោះ បូករួមទាំងកោះ Huangyan ហើយមានសិទ្ធិអធិបតេយ្យភាព និងសិទ្ធិគ្រប់គ្រងលើដែនទឹកពាក់ព័ន្ធ ប្រការទាំងនេះមានភស្តុតាងប្រវត្តិសាស្ត្រនិងផ្លូវច្បាប់ដ៏ពេញលេញ។

ក្នុងនាមជាភាគីហត្ថលេខីនៃ 《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》 ភាគីហ្វីលីពីនបានប្រើប្រាស់ អនុសញ្ញានេះជាឧបករណ៍សម្រាប់ពង្រីកដែនសមុទ្រ និងទឹកដីរបស់ខ្លួន បានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសដទៃ វាមុខជានឹងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថានភាពនៅសមុទ្រចិនខាងត្បូង និងទំនាក់ទំនងរវាង បណ្តាប្រទេសក្នុងតំបន់។

ដើមឡើយ សមុទ្រចិនខាងត្បូងគួរជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែ អ្វីដែលហ្វីលីពីនបានធ្វើ គឺល្មើសនឹងសេចក្តីប្រាថ្នារួមរបស់ប្រជាជនក្នុងតំបន់ ហើយបានក្លាយជាអ្នកបំផ្លាញដ៏សំខាន់ នៃសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ប្រសិនបើភាគីហ្វីលីពីនបន្តរំលោភសិទ្ធិ និងបង្កហេតុតទៅទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដោយអនុលោមតាម "ច្បាប់អាក្រក់" នោះភាគីចិន មុខជានឹងឆ្លើយតបតវិញយ៉ាងដាច់ខាត ហើយនឹងអនុវត្តតាមពាក្យសន្យារបស់ខ្លួន យ៉ាងដាច់ខាតជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន