(មូស្គូ)៖ លោក Sergei Shoigu លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានប្រាប់រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកានេះថា ភារកិច្ចដ៏សំខាន់សម្រាប់រុស្ស៉ី និងចិន គឺប្រឆាំងរាល់ការប៉ុនប៉ងណាមួយ របស់សហរដ្ឋអាមេរិក ដើម្បីរារាំងប្រទេសរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់គំរាមថាដំឡើងពន្ធលើចិន ក៏ដូចជាប្រទេសដ៏ទៃទៀត។ ការណ៍នេះបានបង្កើនភាពភ័យខ្លាច នៃសង្គ្រាមពាណិជ្ជកម្ម ស្របពេលសហរដ្ឋអាមេរិក ចាត់ទុកចិនជាគូប្រជែងដ៏ធំ និង រុស្ស៉ីជាការគំរាមកំហែងរបស់ខ្លួន។ លោក Shoigu ប្រាប់លោក Wang នៅក្នុងទីក្រុងប៉េកាំងថា ទំនាក់ទំនងរឹងមាំរវាងរុស្ស៉ី និងចិនមានឥទ្ធិពលចំពោះពិភពលោក។ លោក Shoigu គូសបញ្ជាក់ថា «ខ្ញុំមើលឃើញកិច្ចការសំខាន់បំផុត នោះគឺការទប់ស្កាតគោលនយោបាយ រាំងខ្ទប់រុស្ស៉ី និងចិន ដែលបន្តដោយសហរដ្ឋអាមេរិក និងក្រុមប្រទេសរណបរបស់អាមេរិក។

គួរបញ្ជាក់ថា កាលពីខែឧសភា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាបើកទំព័រភាពជាដៃគូក្នុងយុគសម័យថ្មី។ លោក ស៉ី និងលោក ពូទីន យល់ស្របគ្នាថា យុគសម័យក្រោយសង្គ្រាមត្រជាក់ ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក កំពុងដួលរលំ៕