(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិភាគជាច្រើនរំពឹងថាបញ្ហាធំរវាងចិន និងសហរដ្ឋអាមេរិក នៅក្រោមការដឹកនាំសាជាថ្មីរបស់លោក ដូណាល់ ត្រាំ នោះគឺសង្គ្រាមពាណិជ្ជកម្ម។ លោកប្រធានាធិបតីជាប់ឆ្នោតរូបនេះបានសន្យាថានឹងហូតពន្ធ ៦០ភាគរយ ឬអាចខ្ពស់ជាងនេះលើមុខទំនិញទាំងអស់ដែលនាំចូលពីចិន ខណៈក្រុមសមាជិកព្រឹទ្ធសភាជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋចង់ឱ្យលុបចោលឋានៈរបស់ចិនក្នុងនាមជាប្រទេសទទួលបាន ការអនុគ្រោះពាណិជ្ជកម្ម។ សង្រ្គាមពាណិជ្ជកម្មក្នុងទ្រង់ទ្រាយបែបនេះ ច្បាស់ណាស់នឹងធ្វើឱ្យចិនរងរបួស ហើយម្យ៉ាងក្នុងពេលសេដ្ឋកិច្ចរបស់ខ្លួនកំពុងមានបញ្ហាស្រាប់ផងនោះ ការមិនអាចចូលទៅកាន់ទីផ្សារអាមេរិក អាចនឹងធ្វើឱ្យចិនខាតបង់កំណើនសេដ្ឋកិច្ច ២.៥ភាគរយ ក្នុងមួយឆ្នាំ។
តែទោះជាបែបនេះក្ដី បញ្ហាធំដែលធ្វើឱ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ដេកមិនលក់ភ្ញាក់រាល់យប់ មិនមែនជាពាណិជ្ជកម្មនោះទេ តែគឺជាបញ្ហាតៃវ៉ាន់ទៅវិញ។ នេះបើតាមលោក Minxin Pei ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Claremont McKenna College។ ចិនមិនមែនគ្មានសមត្ថភាពការពារខ្លួនឯងក្នុងសង្រ្គាមពាណិជ្ជកម្មមួយនោះទេ។ ក្រុមហ៊ុនចិនអាចបង្វែរការនាំចេញទៅកាន់ប្រទេសដទៃ ហើយក៏អាចបញ្ចុះតម្លៃប្រាក់យ័នផងដែរ ដើម្បីធ្វើឱ្យការនាំចេញកាន់តែមានការប្រកួតប្រជែង មិនថាប្រឈមមុខនឹងការដំឡើងយ៉ាងណាក៏ដោយ។ ចិននៅអាចជំរុញកំណើនតម្រូវការនៅក្នុងស្រុកថែមទៀតផង។ ជាក់ស្ដែង ការដែលសភាជាតិប្រជាជនចិនអនុម័តកញ្ចប់ថវិកា ក្នុងទំហំតូចជាងការរំពឹងទុកកាលពីសប្ដាហ៍មុន ដើម្បីបន្ធូរបន្ថយសម្ពាធបំណុលក្នុងស្រុក អាចបញ្ជាក់បានថាលោក ស៊ី ជីនពីង បានត្រៀមបម្រុងទុកថវិការួចជាស្រេច សម្រាប់ប្រើប្រាស់នៅពេលចាំបាច់។
លើសពីនេះទៅទៀត រដ្ឋាភិបាលចិនអាចបង្វែរការទទួលខុសត្រូវទៅលើលោក ដូណាល់ ត្រាំ ថាជាអ្នកបង្កឱ្យសេដ្ឋកិច្ចចិនមានបញ្ហា។ បញ្ហាកំណើនសេដ្ឋកិច្ចយឺតយ៉ាវតែមួយមុខ មិនអាចធ្វើឱ្យតំណែងលោក ស៊ី ជីនពីង រង្គោះរង្គើរបាននោះទេ។ ប៉ុន្តែ បញ្ហាតៃវ៉ាន់វិញ វាជារឿងមួយដាច់ដោយឡែក។ ថ្នាក់ដឹកនាំកំពូលៗរបស់ចិននឹងងាយរងគ្រោះ ប្រសិនបើពួកគេបរាជ័យក្នុងការឆ្លើយតបឱ្យបានខ្លាំងក្លាទៅនឹងអ្វីដែលត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមចំពោះអធិបតេយ្យ និងភាពថ្លៃថ្នូររបស់ចិន។ នៅពេលរដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ផ្ដល់ទិដ្ឋាការឱ្យអតីតមេដឹកនាំតៃវ៉ាន់ លោក Lee Teng-hui ក្នុងឆ្នាំ១៩៩៥ ចិនបានហៅ ការសម្រេចចិត្តនេះថាជាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ហើយបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ដោយបង្កទៅជាវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៣ ដែលជំរុញឱ្យសហរដ្ឋអាមេរិក ដាក់ពង្រាយកងនាវាចម្បាំង២ក្រុម ជាការឆ្លើយតប។
បញ្ហាតៃវ៉ាន់ គឺជាហេតុផលនយោបាយដែលជំរុញឱ្យថ្នាក់ដឹកនាំចិនហ៊ានប្រថុយផ្ទុះជម្លោះជាមួយសហរដ្ឋអាមេរិក បើទោះជាសមត្ថភាពយោធារបស់ចិននៅពេលនោះ មិនអាចប្រៀបធៀបជាមួយសហរដ្ឋអាមេរិក បានក៏ដោយ។ ប៉ុន្តែ បច្ចុប្បន្ន ខណៈតុល្យភាពយោធាមានការប្រែប្រួល ចិនក៏នឹងមិនបន្ធូរដៃនោះដែរជុំវិញបញ្ហាតៃវ៉ាន់ នៅពេលត្រូវដោះស្រាយជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ។ ដើម្បីរក្សា «គោលនយោបាយចិនតែមួយ» រដ្ឋបាលអាមេរិកគ្រប់ជំនាន់បានរក្សាភាពអត់ធ្មត់ជាអតិបរមា។ ជាឧទាហរណ៍៖ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងទីក្រុងវ៉ាស៊ីនតោនទេ បើទោះជាជាពួកគេអាចជួបជាមួយសមភាគីអាមេរិករបស់ខ្លួននៅក្រៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកក៏ដោយ។ សហរដ្ឋអាមេរិកក៏មិនដែលបានបញ្ជូនជាផ្លូវការនូវនាវាចម្បាំងឱ្យចូលចតនៅកំពង់ផែតៃវ៉ាន់នោះដែរ។
នៅអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានឱ្យសញ្ញាខ្លះៗថាលោកប្រហែលជានឹងមិនសូវមានការប្ដេជ្ញាចិត្ត ដើម្បីការពារកោះតៃវ៉ាន់នោះទេ ហើយបានបង្ហាញពីបំណងចង់ផ្ដោះប្ដូរកិច្ចព្រមព្រៀងជាមួយចិន ឱ្យបានច្រើនជាងប្រធានាធិបតីអាមេរិកមុន។ ក៏ប៉ុន្តែ សមាជិកនៅក្នុងក្រុមការងារសន្តិសុខជាតិរបស់លោក ត្រាំ មិនមានទំនោរប្រកាន់យកជំហរទន់ភ្លន់ជាមួយចិននោះឡើយ។ ពួកគេអាចនឹងជំរុញឱ្យមានការផ្លាស់ប្ដូរ គោលនយោបាយមួយចំនួន ដូចជាការអនុញ្ញាតឱ្យមានការធ្វើសមយុទ្ធរួមគ្នាជាមួយតៃវ៉ាន់ ជាមធ្យោបាយបង្កើនការកំញើញយោធាដាក់ចិន។ មិនតែប៉ុណ្ណោះ ភាពមិនច្បាស់លាស់នៅក្នុងគោលនយោបាយចិនតែមួយ ក៏អាចនឹងបង្កឱ្យមានភាពតានតឹងដែរ ហើយក្នុងនោះភាពតានតឹងដែលអាចផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ នោះគឺកិច្ចព្រមព្រៀងលក់អាវុធដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ដែលគេរំពឹងថាអាចនឹងត្រូវបាន ចុះហត្ថលេខានៅក្រោយលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅខែមករា ឆ្នាំក្រោយ។ កិច្ចព្រមព្រៀងលក់អាវុធនេះក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងទំហំ១៥ពាន់លានដុល្លារដែលបញ្ជាទិញយន្ដហោះចម្បាំង F-35 និងនាវាពិឃាដ Aegis សុទ្ធសឹងជាប្រភេទអាវុធទំនើបៗដែលរដ្ឋបាលអាមេរិកកន្លងមក បានបដិសេធលក់ឱ្យតៃវ៉ាន់ ដោយសារបារម្ភខ្លាចបង្កជាវិបត្តិ ឬជម្លោះជាមួយចិន។
ជាមួយការដាក់សម្ពាធរបស់លោក ត្រាំ ឱ្យតៃវ៉ាន់បង្កើនកញ្ចប់ថវិកាយោធាដល់ទៅ៤ដង ឱកាសដែលកិច្ចព្រមព្រៀមលក់អាវុធនេះទទួលជោគជ័យ គឺអាចទៅរួច ហើយការអនុម័តទៀតសោត ពិតណាស់នឹងបង្កជាភាពតានតឹង ជុំថ្មីមួយនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ទោះបីជាចិនទំនងជានឹងមិនប្រើកម្លាំងយោធាលើតៃវ៉ាន់ តែចិនអាចបង្កើនការដាក់សម្ពាធយោធា និងសកម្មភាពសម្លុតគំរាមដើម្បីបង្កការរំខានដល់ការដឹកជញ្ជូនតាមផ្លូវអាកាស និងទឹក ទៅកាន់តៃវ៉ាន់។ ដូច្នេះបើចិនធ្វើខ្លាំង លោក ត្រាំ ក៏ប្រហែលជានឹងមិនអាចនៅស្ងៀមនោះដែរ ដោយលោកអាចនឹងបញ្ជូនកងកម្លាំងយោធាទ្រង់ទ្រាយធំទៅកាន់តំបន់ ហើយដែលការធ្វើបែបនេះអាចនឹងបង្កឱ្យមាន ការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក ដូចគ្នាទៅនឹងវិបត្តិមីស៊ីលគុយបា កាលពីជាង៦ទសវត្សរ៍មុន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងបញ្ឈប់សង្រ្គាម គឺពិតជាចង់បញ្ចៀសសង្រ្គាមជាមួយចិន។ តែប្រសិនបើលោកបរាជ័យក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ នោះវាក៏អាចនឹងរុញឱ្យរូបលោកធ្លាក់ចូលក្នុងវិបត្តិ មួយដែលធ្វើឱ្យតំណែងជាប្រធានាធិបតីរបស់លោករង្គោះរង្គើរផងដែរ៕