(ប៉េកាំង)៖ មេដឹកនាំកំពូលរបស់ចិន បានបញ្ជាឱ្យអាជ្ញាធររបស់ខ្លួនប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីព្យាបាលអ្នករងរបួស នៅក្នុងហេតុការណ៍រថយន្ដមួយគ្រឿងបើកបំបុកហ្វូងមនុស្ស នៅភាគខាងត្បូងប្រទេសចិន និងធ្វើការស៊ើបអង្កេតដើម្បីរកមូលហេតុនៅពីក្រោយការវាយប្រហារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍រថយន្ដបើកបំបុកហ្វូងមនុស្សនៅខាងក្រៅពហុកីឡដ្ឋានមួយ ក្នុងទីក្រុង Zhuhai ដោយសម្លាប់មនុស្ស ៣៥នាក់ និង៤៣នាក់រងរបួស បានកើតឡើងតាំងតែពីល្ងាចថៃ្ងចន្ទដើមសប្ដាហ៍នេះ មកម្ល៉េះ។ ប៉ុន្តែ រហូតដល់ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ទើបអាជ្ញាធរចិនទម្លាយឱ្យដឹងជាផ្លូវការថាមានអ្នកបើករថយន្ដម្នាក់ បានបើកបំបុកហ្វូងមនុស្ស។ បើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោកប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លោក Li Qiang បានជំរុញឱ្យអាជ្ញាធរក្នុងតំបន់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីព្យាបាលអ្នករងរបួស ហើយបើកការស៊ើបអង្កេតលើករណីនេះ។

Xinhua បន្ថែមថាលោក ស៊ី ជីនពីង ក៏បានរុញផងដែរឱ្យអាជ្ញាធរក្នុងតំបន់ និងពាក់ព័ន្ធទាំងអស់ រៀនសូត្រពីហេតុការណ៍សោកនាដកម្មខាងលើ និងពង្រឹងសមត្ថភាពបង្ការ ក៏ដូចជាទប់ស្កាត់ ដើម្បីធានាស្ថិរភាពក្នុងសង្គម។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិន អ្នកបើកបររថយន្ដមានអាយុ ៦២ឆ្នាំ និងមាននាមត្រកូល Fan ហើយរូបគេមានការខឹងសម្បារពាក់ព័ន្ធនឹងការបែកចែកទ្រព្យសម្បតិ្ត នៅក្នុងការលែងលះជាមួយប្រពន្ធ។ តែមិនមានការបញ្ជាក់ជាផ្លូវការថាតើហេតុអ្វីបានជារូបគេបើករថយន្ដបំបុកហ្វូងមនុស្សនោះទេ៕