(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា បាននិយាយថាលោកបានសម្រេចចិត្តជ្រើសរើសពិធីករទូរទស្សន៍ Fox News លោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោក Pete ជាមនុស្សម៉ឺងម៉ាត់ វៃឆ្លាត និងជាអ្នកមានជំនឿពិតប្រាកដលើ America First ហើយដោយមានលោក Pete សត្រូវរបស់សហរដ្ឋអាមេរិកត្រូវបានព្រមាន។ យោធារបស់យើងនឹងអស្ចារ្យម្ដងទៀត ហើយសហរដ្ឋអាមេរិកនឹងមិនដកថយឡើយ»។
គួរបញ្ជាក់ថា លោក Pete Hegseth គឺជាទាហានជើងចាស់អាមេរិកម្នាក់ និងធ្លាប់ប្រឡូកក្នុងសមរភូមិសង្រ្គាមនៅអាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់។ លោកបានចាកចេញពីជួរកងទ័ពអាមេរិក ក្នុងឆ្នាំ២០២១ បន្ទាប់ពីត្រូវបានគេចាត់ទុកជាមនុស្សជ្រុលនិយមម្នាក់៕