(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា បាននិយាយថាកងទ័ពកូរ៉េខាងជើងបានចាប់ផ្ដើមចូលរួមនៅក្នុងប្រតិបត្តិការប្រយុទ្ធ ដោយរួមដៃជាមួយកងទ័ពរុស្ស៉ី ប្រឆាំងនឹងកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំអាចបញ្ជាក់បានថាកងទ័ព DPRK (កូរ៉េខាងជើង) ជាង ១០ ០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ភាគខាងកើតរុស្ស៉ី ហើយភាគច្រើននៃកងទ័ពទាំងនេះត្រូវបានបញ្ជូនទៅកាន់តំបន់ Kursk ជាទីដែលពួកគេចាប់ផ្ដើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធរួមគ្នា ជាមួយកងទ័ពរុស្ស៉ី»។
នេះគឺជាលើកដំបូងបំផុតដែលសហរដ្ឋអាមេរិកទទួលស្គាល់ថាកងទ័ពកូរ៉េខាងជើង បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ បន្ទាប់ពីក្រុមមន្ត្រីអ៊ុយក្រែនកាលពីពេលថ្មីៗនេះបាននិយាយថា កងកម្លាំងរបស់ខ្លួនបានប្រឈមមុខជាមួយកងទ័ពកូរ៉េខាងជើង នៅលើសមរភូមិ។ ភ្លាមៗ ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនទាន់ធ្វើអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងការអះអាងរបស់សហរដ្ឋអាមេរិក នៅឡើយទេ។ បើតាមលោក Patel រុស្ស៉ីបានបណ្ដុះបណ្ដាលកងទ័ពកូរ៉េខាងជើងពីបៀបបាញ់កាំភ្លើងធំ ដ្រូន និងជំនាញពិសេសៗដទៃទៀត សម្រាប់ការធ្វើប្រតិបត្តិការនៅសមរភូមិមុខ ប៉ុន្តែ គេត្រូវរង់ចាំមើលសិនថាតើកងទ័ពកូរ៉េខាងជើង និងរុស្ស៉ី អាចសហការគ្នាប្រយុទ្ធបានល្អប្រសើរដល់កម្រិតណា។ លោក Patel បានបន្ថែមដូច្នេះថា «នៅមានបញ្ហាប្រឈមមួយចំនួនដែលពួកគេ ត្រូវជម្នះឱ្យបាន ក្នុងនោះរួមមានអន្តរប្រតិបត្តិការ និងភាសាប្រាស្រ័យទាក់ទងគ្នាជាដើម»។
គួរបញ្ជាក់ថា រុស្ស៉ី បាន និងកំពុងព្យាយាមវាយបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ Kursk បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានដណ្ដើមកាន់កាប់ទឹកដីរុស្ស៉ីមួយចំនួនក្នុងតំបន់នេះ នៅក្នុងប្រតិបត្តិការ វាយលុកដ៏ភ្ញាក់ផ្អើលមួយ កាលពីខែសីហាកន្លងទៅ។ ប៉ុន្តែក្នុងពេលនេះ អ៊ុយក្រែនកំពុងមានការព្រួយបារម្ភពីអនាគតជំនួយយោធាពីសហរដ្ឋអាមេរិក ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិកសាជាថ្មី៕