(ហ៊្សេរុយសាឡិម)៖ នៅក្នុងសារជាវីដេអូមួយ កាលពីថ្ងៃអង្គារសប្តាហ៍នះ លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលនៃមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ខ្លាចប្រជាជនខ្លួនឯង ជាជាងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Netanyahu បាននិយាយទៀតថា ការវាយប្រហារដោយមីស៉ីលបាលីស្ទីករបស់អ៉ីរ៉ង់ ថ្ងៃទី១ ខែតុលា មកលើអ៉ីស្រាអែល ចាយលុយអស់ប្រហែល ២.៣ពាន់លានដុល្លារ។ ជីវិតរស់នៅក្នុងប្រទេសអ៉ីរ៉ង់អាចនឹងខុសប្លែកពីបច្ចុប្បន្ន ប្រសិនបើអ៉ីរ៉ង់ជាប្រទេសសេរី ហើយមូនិធិនានាត្រូវបានយកទៅប្រើសម្រាប់ការអប់រំ ផ្គត់ផ្គង់ទឹក កសាងផ្លូវថ្នល់ និងមន្ទីរពេទ្យ ជំនួសឱ្យការធ្វើសង្រ្គាម។ លោក Netanyahu គូសបញ្ជាក់ថា «របបដឹកនាំនៃលោក Khamenei មើលរំលងការរស់នៅរបស់ប្រជាជន ហើយគិតតែព្យាបាទអ៉ីស្រាអែល។ ខ្ញុំបានឮអំពី ស្ថានភាពស្ត្រី ជីវិត សេរីភាពរបស់ពួកគេ។ តែសូមកុំអស់សង្ឃឹម អ៉ីស្រាអែល ក៏ដូចជាប្រទេសសេរីដ៏ទៃទៀត នៅលើពិភពលោក នឹងគាំទ្រអ្នក»។
គួរបញ្ជាក់ថា កន្លងមក លោក Netanyahu ក៏ធ្លាប់ធ្វើការអំពាវនាវទៅកាន់ប្រជាជនអ៉ីរ៉ង់ដោយផ្ទាល់ដែរ និងចំពោះជនស៉ីវិល នៅតំបន់ហ្កាហ្សា ព្រមទាំងលីបង់៕