(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា នឹងផ្អាកជើងហោះហើរស៉ីវិល ទៅកាន់ប្រទេសហៃទី រយៈពេល ១ខែ បន្ទាប់ពីយន្តហោះធុនធំ ៣គ្រឿងរងការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ក្រុមជនអន្ធពាលនៃប្រទេសនេះ អំឡុពេលចូល ឬចាកចេញពីរដ្ឋធានី Port-au-Prince។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ចំណាត់ការរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កើតមានឡើងបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ នៃក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ចេញពីរដ្ឋ Florida ទៅដល់ទីក្រុង Port-au-Prince បានរងការវាយប្រហារដោយគ្រាប់កាំភ្លើង ហើយត្រូវប្តូរទិសដៅទៅកាន់សាធារណរដ្ឋដូមីនីក។ អ្នកបម្រើការលើយន្តហោះម្នាក់ ត្រូវរងរបួសស្រាល ហើយបើតាមរូបភាពបង្ហោះលើអ៉ីនធឺណេត ឃើញមានគ្រាប់កាំភ្លើងជាច្រើន នៅខាងក្នុងយន្តហោះ។

ដោយឡែក យន្តហោះ ២គ្រឿងផ្សេងទៀតដែលចាកចេញពីទីក្រុង Port-au-Prince កាលពីថ្ងៃចន្ទ ក៏ត្រូវបានវាយប្រហារផងដែរ។ យន្តហោះទាំងពីរបានចុះចតដោយសុវត្ថិភាព។ វាជាជើងហោះហើរ JetBlue ទៅកាន់អាកាសយានដ្ឋាន JFK ក្នុងទីក្រុង New York និងជើងហោះហើរ American Airlines ទៅកាន់ Miami សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការបាញ់ប្រហារនេះ សបញ្ជាក់ពីភាពចលាចលដ៏ហិង្សា ដែលកំពុងគ្របដណ្តប់ប្រទេសហៃទី ខណៈនាយករដ្ឋមន្ត្រីថ្មី ទើបនឹងបានឡើងកាន់អំណាច ចំពោះមុខប្រទេសមួយដែលរងការបំផ្លាញដោយភាពក្រីក្រ អស្ថិរភាពនយោបាយរ៉ាំរ៉ៃ និងបញ្ហាផ្សេងៗទៀត៕