(វែលីងតោន)៖ នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកានេះ ប្រទេសនូវែលសេឡង់ បានស្នើឱ្យមានការកំណត់ចំនួនអាជ្ញាប័ណ្ណ ឱ្យបើកអាជីវកម្មល្បែងកាស៉ីណូអនឡាញ ហើយតម្រូវឱ្យប្រតិបត្តិករ បង្កើតប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ហាមប្រាមការផ្សាយពាណិជ្ជកម្ម ដែលមានគោលបំណងលើកុមារ ដើម្បីគ្រប់គ្រងលើវិស័យដែលកំពុងរីកដុះដាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីមហាផ្ទៃ លោកស្រី Brooke van Velden​ បានឱ្យដឹងថា អ្នកល្មើសច្បាប់នឹងត្រូវផាកពិន័យរហូតដល់ ៣លានដុល្លារអាមេរិក ជាមួយនិងប្រព័ន្ធបទប្បញ្ញត្តិថ្មី ដែលអាចដាក់ឱ្យដំណើរការចាប់ពីដើមឆ្នាំ ២០២៦។​ លោកស្រីគូសបញ្ជាក់ថា «គោលដៅខ្ញុំ គឺមិនដើម្បីបង្កើនចំនួនអ្នកលេងល្បែងស៉ីសងទេ ប៉ុន្តែគឺដើម្បីឱ្យប្រជាជននូវែលសេឡង់ ដែលចង់លេងហ្គេមកាស៉ីណូអនឡាញ អាចធ្វើដូច្នេះបានដោយសុវត្ថិភាព ជាជាងដែលពួកគេកំពុងធ្វើបច្ចុប្បន្ន»។ លោកស្រីបន្ថែមថា «បច្ចុប្បន្ន ពលរដ្ឋនូវែលសេឡង់អាចលេង និងបើកល្បែងអនឡាញបានរាប់ពាន់កន្លែង។ តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនិយតកម្ម គោលបំណងខ្ញុំ គឺបញ្ជូនអតិថិជនទៅឱ្យប្រតិបត្តិករ ដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ»

គួរបញ្ជាក់ថា ការលេងល្បែងកាស៊ីណូអនឡាញបច្ចុប្បន្ន គឺមិនទាន់មានការគ្រប់គ្រងត្រឹមត្រូវនៅឡើយទេ នៅប្រទេសនូវែលសេឡង់ ដូច្នេះហើយតម្រូវការការពារអ្នកប្រើប្រាស់ ក៏មិនត្រូវបានអនុវត្តដែរ។ កាលពីខែកក្កដា រដ្ឋាភិបាលបានប្រកាសថា នឹងបង្កើតអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មកាស៉ីណូអនឡាញនេះ ដោយតម្រូវឱ្យប្រតិបត្តិករកំណត់និយមន័យ ចំពោះហ្គេមអនឡាញ ថាមិនមែនជាការភ្នាល់ ឬឆ្នោតផ្សងសំណាង ហើយកំណត់អាយុអប្បបរមា ១៨ឆ្នាំសម្រាប់អ្នកលេង៕