(ព្រុចសែល)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃពុធនេះ បានជួបជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ខណៈរដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន កំពុងព្យាយាមពង្រឹងការគាំទ្រសម្រាប់អ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកធ្វើជាប្រធានាធិបតីអាមេរិកម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

មុនពេលត្រូវចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ លោក បៃដិន កំពុងសង្ឃឹមថា នឹងអាចបង្កើនការផ្តល់ជំនួយ​ឱ្យទៅអ៊ុយក្រែន ស្របពេលដែលកងកម្លាំងរុស្ស៉ី ហាក់ទទួលបានភាពរីកចម្រើន នៅតាមបណ្តោយសមរភូមិមុខ។ លោក Blinken ត្រូវបានរំពឹងថា នឹងពិភាក្សានៅទីក្រុងព្រុចសែល អំពីមធ្យោបាយដើម្បីឱ្យសម្ព័ន្ធមិត្តរបស់អាមេរិក ដើរតួនាទីដឹកនាំធំជាងមុន ជុំវិញការគាំទ្រអ៊ុយក្រែន ខណៈដែលអនាគតតួនាទីរបស់ទីក្រុងវ៉ាស៉ីនតោន ស្ថិតក្នុងភាពស្រពេចស្រពិល។

គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់រិះគន់ការផ្តល់ជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ​របស់អាមេរិកសម្រាប់អ៊ុយក្រែន បាននិយាយថា រូបលោកនឹងបញ្ចប់សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន យ៉ាងឆាប់រហ័ស ក៏ប៉ុន្តែមិនបាន​បញ្ជាក់ថា តើលោកនឹងសម្រេចបានដូច្នោះដោយវិធីណាឡើយ។ ប្រការនេះ បានធ្វើឱ្យបណ្តា​សម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៉ីនតោន មានក្តីបារម្ភជាខ្លាំងថា លោកអាចនឹងព្យាយាមបង្ខំឱ្យអ៊ុយក្រែន ទទួលយកសន្តិភាពក្រោមការកំណត់លក្ខខណ្ឌរបស់រុស្ស៉ី៕