(វ៉ារស្សាវ៉ា)៖ សហរដ្ឋអាមេរិក នឹងបើកសម្ពោធជាផ្លូវការមូលដ្ឋានការពារដែនអាកាសថ្មីមួយ នៅភាគខាងជើងប្រទេសប៉ូឡូញ នៅថ្ងៃពុធសប្តាហ៍នេះ ដែលជាសញ្ញាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារសម្ព័ន្ធមិត្ត NATO នៅអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

មានទីតាំងនៅទីក្រុង Redzikowo ក្បែរឆ្នេរសមុទ្របាល់ទិក មូលដ្ឋាននេះបានដំណើរការតាំងពីទសវត្សរ៍ឆ្នាំ ២០០០ ហើយទីក្រុង Warsaw និយាយថា វាបង្ហាញថាសម្ព័ន្ធភាពយោធារបស់ប្រទេសប៉ូឡូញជាមួយទីក្រុងវ៉ាស៊ីនតោននៅតែរឹងមាំ ទោះបីជាអ្នកណាគ្រប់គ្រងសេតវិមានក៏ដោយ។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយនៅក្នុងវីដេអូបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា «ទោះបីជាមូលដ្ឋាននេះ ចំណាយពេលយូរក្នុងការសាងសង់ក៏ដោយ ក៏វាបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារតំបន់នេះ»។

ការបើកមូលដ្ឋាននេះ ធ្វើឡើងក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដប្រជា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលលោក Donald Trump បានជាប់ឆ្នោត។ លោក Trump ធ្លាប់បានរិះគន់អង្គការ NATO និងបានគំរាមកាត់បន្ថយការគាំទ្រដល់សម្ព័ន្ធមិត្តមួយចំនួន។ ទោះបីជាយ៉ាងណា ប៉ូឡូញបានសង្កត់ធ្ងន់ថា ខ្លួនមិនមានការព្រួយបារម្ភអំពីការផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិកទេ ដោយសារប៉ូឡូញបានចំណាយប្រាក់យ៉ាងច្រើនលើវិស័យការពារជាតិ។

រុស្ស៊ី បានរិះគន់ការបើកមូលដ្ឋាននេះ ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ ប៉ុន្តែអង្គការ NATO បានបញ្ជាក់ថា មូលដ្ឋាននេះគឺសម្រាប់តែការពារ និងមិនមានបំណងគំរាមកំហែងដល់ប្រទេសណាមួយឡើយ៕