(វ៉ាស៊ីនតោន)៖ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានហៅសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង ថាជាសម្ព័ន្ធភាពដើរខ្សែលើប្រទេសរបស់លោក ដោយចោទថា សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីមួយនេះមិនបានបង់ថ្លៃការពារគ្រប់គ្រាន់ដល់កងទ័ពអាមេរិកជាង ២៨ ៥០០នាក់ដែលកំពុងឈរជើងនៅលើទឹកដីរបស់ខ្លួន។ ក៏ប៉ុន្តែ ពេលលើកពីឈ្មោះរបស់មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគំរាមប្រើអាវុធនុយក្លេអ៊ែរកម្ទេចកូរ៉េខាងត្បូង លោក ត្រាំ បែរជាបានចាត់ទុកលោក គីម ដូចជាមិត្តម្នាក់ដែលខានជួបមុខគ្នាជាយូរណាស់មកហើយ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែកក្កដា លោក ត្រាំ បាននិយាយថាលោក គីម ជុងអ៊ុន ចង់ឱ្យរូបលោកត្រឡប់មកកាន់តំណែងជាប្រធានាធិបតីសាជាថ្មី ហើយលោកផ្ទាល់គិតថាលោក គីម ពិតជានឹករូបលោក។ កូរ៉េខាងត្បូង កំពុងត្រៀមលក្ខណៈសម្រាប់ការវិលត្រឡប់មកវិញរបស់លោក ត្រាំ ជាមួយការព្រួយបារម្ភពីភាពមិនច្បាស់លាស់ក្រោមអាណត្តិទី២របស់លោក ត្រាំ មិនខុសគ្នាពី អាណត្តិទី១មួយរបស់លោក ខណៈមានការបារម្ភថាលោក ត្រាំ អាចនឹងសម្លុតគំរាមសាជាថ្មីពីការដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូលមិនបានបង្កើនការបង់ថ្លៃការពារដល់ កងទ័ពអាមេរិក តាមដែលលោកចង់បានទេនោះ ព្រមទាំងអាចនឹងបង្កាត់ភ្លើងមិត្តភាពជិតស្និទ្ធជាមួយលោក គីម ជុងអ៊ុនឡើងវិញ។ «ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងត្រូវហែលឆ្លង កាត់ព្យុះមួយ ហើយយើងអាចនឹងបានឃើញលោក ត្រាំ និងលោក គីម ឆ្លើយឆ្លងសំបុត្រដ៏ផ្អែមល្ហែមទៅវិញទៅមកម្ដងទៀត»។ នេះជាការយល់ឃើញរបស់លោក Lee Byong Chul ជាអ្នកជំនាញម្នាក់ ស្ដីពីកូរ៉េខាងជើងមកពីវិទ្យាស្ថាន Far Eastern Studies ក្នុងទីក្រុងសេអ៊ូល។
មកទល់នឹងពេលនេះ កូរ៉េខាងជើងមិនទាន់បញ្ចេញប្រតិកម្មអ្វីចំពោះជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅឡើយទេ។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថាលោក គីម ប្រហែលជា មើលឃើញថាវាជាឱកាសមួយ ដើម្បីចាប់ផ្ដើមកិច្ចចរចាឡើងវិញជាមួយសហរដ្ឋអាមេរិក ស្របពេលបច្ចុប្បន្នលោក គីម មានទឹកមាត់ប្រៃខ្លាំងជាងកាលពីពេលរូបលោកបានជួបលោក ត្រាំលើកដំបូង។ បើធៀបកាលពីពេលមុន និងឥលូវ សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានពង្រីកគួរឱ្យកត់សម្គាល់ ដែលនេះនឹងអនុញ្ញាតឱ្យលោក គីម ទាមទារកាន់តែច្រើនជាងមុននូវសម្បទាន ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់លោក។ ចាប់តាំងពីឆ្នាំ២០១៩មក លោក គីម បានបង្កើនការអភិវឌ្ឍ និងធ្វើតេស្ដមីស៊ីលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ ហើយឥលូវលោកថែមទាំងបាន ចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ជាមួយរុស្ស៉ី កាលពីខែមិថុនាកន្លងទៅទៀតផង។ កាលពីខែកញ្ញា កូរ៉េខាងជើងបានបញ្ចេញរូបភាពរបស់លោក គីម ចុះត្រួតពិនិត្យរោងចក្រចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមជាលើកដំបូង ជាទីដែលមេដឹកនាំកូរ៉េខាងជើងរូបនេះប្ដេជ្ញាពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ។ ជាងនេះទៅទៀត នៅបន្ទាប់ពីធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការ ដោយឥន្ធនៈរឹង Hwasong-19 កាលពីពេលថ្មីៗនេះ លោក គីម ក៏បានសន្យាដែរថារូបលោកនឹងមិនបោះបង់ចោលដាច់ខាតការពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់លោក។
ចំណែក ក្រុមមន្ត្រីកូរ៉េខាងត្បូងវិញ បានព្រមានថាលោក គីម អាចនឹងបញ្ជាឱ្យយោធាកូរ៉េខាងជើងដឹកនាំការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកទី៧ និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ដើម្បីអាច មានទឹកមាត់កាន់តែប្រៃ មុននឹងត្រឡប់ទៅរកកិច្ចចរចាជាមួយលោក ត្រាំ។ លោក គីម និងលោក ត្រាំ បានចំណាយពេលស្ទើរពេញមួយឆ្នាំ២០១៧ គំរាមធ្វើសង្រ្គាម និងកម្ទេចគ្នាទៅវិញទៅមក ដោយ នៅពេលនោះលោក ត្រាំ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងនាវាផ្ទុកយន្ដហោះចម្បាំងទៅកាន់តំបន់ឧបទ្វីបកូរ៉េជាសារព្រមានលោក គីម ដែលលោកដាក់ឈ្មោះឱ្យថា «បុរសរ៉ុក្កែត» រីឯ លោក គីម ហៅលោក ត្រាំ ថា «ចាស់វង្វេង»។ ភាពតានតឹងនេះបានប្រែក្លាយទៅជាជំនួបទល់មុខគ្នា ក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ ដែលជាជំនួបលើកដំបូងបំផុតរវាងមេដឹកនាំ នៃប្រទេសទាំង២។ ដើម្បីសម្រួលដល់ការរៀបចំកិច្ចចរចាជាមួយលោក គីម លោក ត្រាំ បានកាត់បន្ថយ ឬលុបចោលការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង ដែលជានិមិត្តរូបមួយនៃសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូង ដើម្បីកំញើញកូរ៉េខាងជើង។ ក្រោយមកទៀត លោក ត្រាំ និងលោក គីម បានជួបគ្នាសាជាថ្មីនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅឆ្នាំ២០១៩។
លោក ត្រាំ និងលោក គីម ត្រូវបានគេមើលឃើញថាមានភាពស្និទ្ធស្នាលនឹងគ្នានៅពេលមេដឹកនាំទាំង២ ជួបគ្នាលើកដំបូងនៅសិង្ហបុរី។ តែកិច្ចប្រជុំកំពូលលើកទី២ នៅទីក្រុងហាណូយ បានធ្វើឱ្យលោក គីម រងភាពអាម៉ាស ដោយសារតែរូបលោកបានបញ្ចប់កិច្ចប្រជុំជាមួយលោក ត្រាំ ជាមួយការត្រឡប់ទៅផ្ទះវិញដោយដៃទទេ ផ្ទុយពីការឃោសនាដែលរំពឹងថារូបលោកនឹងសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយ សហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ទោះជាលោក ត្រាំ និងលោក គីម បានជួបគ្នាជាលើកទី៣ នៅពេលដែលលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចដំបូងគេដែលបានយកជើងជាន់ ទឹកដីកូរ៉េខាងជើង នៅឯតំបន់ព្រំដែនអន្តរកូរ៉េក៏ដោយ ក៏កិច្ចសន្ទនាបានចាប់ផ្ដើមរលាយបាត់បន្តិចម្ដងៗ រហូតដល់លោក គីម ប្រកាសថារូបលោកមិនមានចំណាប់អារម្មណ៍ចូលរួមកិច្ចចរចាជាថ្មីនោះទេ។ ចាប់តាំងពីពេលនោះមក លោក គីម បានរកឃើញវិធីសាស្ត្រថ្មីមួយ នោះគឺពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ខណៈកាត់ផ្ដាច់រាល់កិច្ចសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ លោក គីម ក៏បានពង្រឹង សម្ព័ន្ធភាពថ្មីជាមួយរុស្ស៉ី និងថែមទាំងបានដឹកអាវុធ រួមទាំងបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនទៀតផង។ «ដូច្នេះក្នុងពេលឥលូវ លោក គីម អាចនឹងកាន់តែប្រយ័ត្នប្រយែងខ្លាំង ជាងមុន ដោយនឹងព្យាយាមកំណត់លក្ខខណ្ឌទុកជាមុន មុននឹងចូលរួមកិច្ចចរចា ក្នុងគោលបំណងបញ្ចៀសកុំឱ្យភាពអាម៉ាសដូចកាលពីកិច្ចចរចាជុំទី១ជាមួយលោក ត្រាំ កើតឡើងជាថ្មីម្ដងទៀត»។ នេះបើ តាមលោក Park Won-Gon ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Ewha Womens ក្នុងទីក្រុងសេអ៊ូល។
គួរបញ្ជាក់ថា បញ្ហាស្មុគស្មាញរបស់កូរ៉េខាងត្បូង និងមេដឹកនាំរបស់ខ្លួន នោះគឺលោក ត្រាំ មានទំនោរចង់ឃើញសម្ព័ន្ធភាពរបស់អាមេរិកជាមួយសម្ព័ន្ធមិត្តក្លាយទៅជាសម្ព័ន្ធភាពក្រោមលក្ខខណ្ឌដូចជា ការផ្ដោះប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។ លោក ត្រាំ ធ្លាប់បាននិយាយថាប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី លោកនឹងឱ្យទីក្រុងសេអ៊ូលបង់ថ្លៃការពារ ១០ពាន់លានដុល្លារ ដើម្បីជាថ្នូររក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង។ សព្វថ្ងៃ កូរ៉េខាងត្បូងត្រូវបង់ថ្លៃការពារលើស ១ពាន់លានដុល្លារតិចតួច ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋបាលលោក ចូ បៃដិន ដើម្បីបង្កើនការបង់ថ្លៃការពារប្រចាំឆ្នាំ ១.១៣ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៦។ «ពួកគេមានទូរ ATM មួយ។ យើងបានការពារពួកគេពីកូរ៉េខាងជើង និងមនុស្សផ្សេងទៀត»។ នេះជា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg កាលពីខែតុលាកន្លងទៅ។
អាណត្តិទី២របស់លោក ត្រាំ ត្រូវបានក្រុមអ្នកវិភាគខ្លះរំពឹងថាអាចនឹងធ្វើឱ្យប្រជាជនកូរ៉េខាងត្បូង កាន់តែច្រើនឡើងមានការសង្ស័យថាតើប្រទេសរបស់ពួកគេអាចពឹងផ្អែកខ្លាំងប៉ុនណា និងយូរប៉ុនណាលើ សម្ព័ន្ធភាពជាមួយអាមេរិក ដើម្បីការពារពួកគេ ហើយនាំគ្នាចោទសួរពីភាពចាំបាច់ពីការផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដើម្បីកំញើញកូរ៉េខាងជើង។ បើតាមការស្ទង់មតិ ៧០ភាគរយនៃ ប្រជាជនកូរ៉េខាងត្បូង ជឿថាប្រទេសរបស់ពួកគេ គួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ក៏ធ្លាប់បានបង្ហាញការគាំទ្រលើគំនិតចង់ឱ្យកូរ៉េខាងត្បូងមាន អាវុធនុយក្លេអ៊ែរដែរ។ តែលោកបានបោះបង់ចោលគំនិតនេះកាលពីឆ្នាំ២០២៣ នៅពេលដែលរូបលោក និងលោកប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោន (Washington Declaration) ដែលមានចែងពីការប្ដេជ្ញាចិត្តរបស់វ៉ាស៊ីនតោន ក្នុងការការពារកូរ៉េខាងត្បូង ដោយប្រើគ្រប់មធ្យោបាយយោធាទាំងអស់ រួមមានទាំងអាវុធនុយក្លេអ៊ែរ។
យ៉ាងណាក៏ដោយ លោក Cheong Seong Chang ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Sejong ក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាលោក ត្រាំ នឹងធ្វើឱ្យសេចក្ដីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោន ក្លាយទៅជាក្រដាសសមួយសន្លឹកឥតប្រយោជន៍។ បើតាមអ្នកវិភាគរូបនេះ កូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខនឹងការសើរើឡើងវិញនូវគោលនយោបាយសន្តិសុខ និងការទូតរបស់ខ្លួន ហើយគេនឹងបានឃើញ ប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនឡើងចង់ឱ្យប្រទេសរបស់ពួកគេមានអាវុធនុយក្លេអ៊ែរ៕