(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងមិនរារាំង ឬការពារអតីតប្រធានាធិបតី Rodrigo Duterte ទេ ប្រសិនបើលោកសម្រេចចិត្តចុះចាញ់នឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ ហើយប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Duterte រដ្ឋាភិបាលហ្វីលីពីន នឹងមានកាតព្វកិច្ចអនុវត្តតាមដីកានោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក Duterte បានបង្ហាញនៅក្នុងសវនាកានៅថ្ងៃពុធនេះថា លោកមិនភ័យខ្លាច ICC ទេ និងបានជំរុញឱ្យតុលាការប្រញាប់ប្រញាល់ក្នុងការស៊ើបអង្កេតរបស់ខ្លួន ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទងនឹង «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់លោក។

ប៉ុន្មានម៉ោងក្រោយមក ខុទ្ទកាល័យរបស់ប្រធានាធិបតីបច្ចុប្បន្នលោក Ferdinand Marcos Jr បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញថា ខ្លួននឹងពិចារណា និងគោរពតាមដីកាចាប់ខ្លួនរបស់ Interpol ប្រសិនបើអង្គភាពនេះ ចេញដីកាចាប់ខ្លួនលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន។

ការស៊ើបអង្កេតរបស់ ICC ផ្តោតលើការសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោក Duterte។ ទោះបីជាលោក Duterte បានដកហ្វីលីពីនចេញពី ICC កាលពីឆ្នាំ ២០១៩ ក៏ដោយ តុលាការអន្តរជាតិមួយនេះនៅតែអះអាងថា ខ្លួនមានយុត្តាធិការលើឧក្រិដ្ឋកម្មដែលបានកើតឡើងមុនពេលការដកខ្លួន។

ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់រដ្ឋាភិបាលលោក Duterte ពីបទប្រព្រឹត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការរំលោភសិទ្ធិមនុស្សផ្សេងទៀត។ ប៉ូលិសហ្វីលីពីនបានបដិសេធការចោទប្រកាន់ទាំងនេះ។

គួរបញ្ជាក់ថា ការប្រកាសរបស់រដ្ឋាភិបាលហ្វីលីពីន បង្ហាញពីការផ្លាស់ប្តូរជំហរនិងបើកលទ្ធភាពសម្រាប់ការស៊ើបអង្កេត និងការទទួលខុសត្រូវចំពោះអំពើរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើងក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន។ នេះក៏អាចជាសញ្ញាបង្ហាញពីការចុះខ្សោយនៃអំណាច និងឥទ្ធិពលរបស់លោក Duterte នៅក្នុងប្រទេសហ្វីលីពីនផងដែរ៕