(ប៉ារីស)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមរដ្ឋអាជ្ញានៅប្រទេសបារាំង បានស្នើឱ្យមេដឹកនាំស្តាំនិយម លោកស្រី Marine Le Pen ត្រូវរកឃើញថា ពិតជាមានទោសពី បទលួចបន្លំមូលនិធិរបស់សភាអឺរ៉ុប ហើយត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ព្រមទាំងជាប់បម្រាម​មិនអាចឈរឈ្មោះបោះឆ្នោត សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកស្រី Le Pen រួមទាំងគណបក្សស្តាំនិយមរបស់លោកស្រីគឺ National Rally និងបុគ្គល២៤នាក់ទៀត រួមមានសមាជិកបច្ចុប្បន្ន ក៏ដូចជា​អតីតសមាជិកនៃសភាបារាំង និងសភាសហភាពអឺរ៉ុប រងការចោទប្រកាន់ថា បានប្រើប្រាស់មូលនិធិសភាអឺរ៉ុបដោយខុសច្បាប់ តាមរយៈការយកថវិកាទាំងនោះ ទៅប្រើសម្រាប់កិច្ចការរបស់បក្សលោកស្រីផ្ទាល់ ជាជាងកិច្ចការសហភាពអឺរ៉ុប ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៦។ លោកស្រី Le Pen និងសហចុងចោទដទៃទៀត សុទ្ធតែបានបដិសេធការចោទប្រកាន់។

កាលពីថ្ងៃពុធ ក្រុមរដ្ឋអាជ្ញាបារាំង បានស្នើថា លោកស្រី Le Pen គួរទទួលរងការដាក់ទោសទណ្ឌធ្ងន់ជាងគេ ដ្បិតលោកស្រីគឺជា​សមាជិកសភាអឺរ៉ុបផង និងជាប្រធានគណបក្សផង អំឡុងពេលដែលបទល្មើសទាំងនោះមួយចំនួន ត្រូវបានប្រព្រឹត្ត។ ពួកគេបានស្នើឱ្យ​ចៅក្រមផ្តន្ទាទោសដាក់ពន្ធនាគារលោកស្រី រយៈពេល៥ឆ្នាំ ក្នុងនោះ៣ឆ្នាំអាចត្រូវព្យួរបាន ហើយពិន័យជាប្រាក់៣០០,០០០អឺរ៉ូ។ សម្រាប់បម្រាមហាមឃាត់ឈរឈ្មោះបោះឆ្នោត ដែលមានរយៈពេល៥ឆ្នាំ នឹងមានសុពលភាពហួសឆ្នាំ២០២៧ ជាពេលដែល​ការបោះឆ្នោតប្រធានាធិបតីបារាំង ត្រូវបានកំណត់ថា នឹងរៀបចំឡើង។

អ្វីដែលសំខាន់ គឺក្រុមរដ្ឋអាជ្ញាបារាំង បានស្នើឱ្យការផ្តន្ទាទោស ត្រូវអនុវត្តភ្លាមៗតែម្តង ក្រោយពេលតុលាការប្រកាសសាលក្រម ទោះបីជាលោកស្រី Le Pen សម្រេចប្តឹងឧទ្ធរណ៍ក៏ដោយ។ ការប្រកាសសាលក្រមសំណុំរឿងនេះ ត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅនាអំឡុង​ដើមឆ្នាំ២០២៥។

គួរបញ្ជាក់ថា លោកស្រី Marine Le Pen ធ្លាប់ឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីបារាំង សរុបចំនួន៣លើក។ ក្នុង​ការបោះឆ្នោតប្រធានាធិបតីលើកចុងក្រោយ កាលពីឆ្នាំ២០២២ លោកស្រី បានទទួលបរាជ័យ ក្រោមដៃលោក Emmanuel Macron ក្នុងសំឡេង៥៨.៥៥ភាគរយ ទល់នឹង៤១.៤៥ភាគរយ។ យ៉ាងណាមិញ ក្រោយការបោះឆ្នោតសភាឆ្នាំ២០២៤នេះ គណបក្សរបស់លោកស្រី Le Pen ឥឡូវគឺជាបក្សធំជាងគេ ក្នុងចំណោមគណបក្សជាច្រើននៅក្នុងសភាបារាំង ហើយលោកស្រី ត្រូវមនុស្សជាច្រើនជឿថា ទំនងជាអាច​នឹងឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧៕