(ម៉ានីល)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ហ្វីលីពីនបានដំឡើងការប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និងបានជម្លៀសមនុស្សរាប់ពាន់នាក់ ស្របពេលដែលព្យុះទីហ្វុងថ្មីមួយទៀត ឈ្មោះថា Usagi បាននិងកំពុងតែសំដៅឆ្ពោះមករកប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ជាមួយកម្លាំងខ្យល់បក់១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Usagi ត្រូវបានព្យាករថា នឹងបោកបក់លើកោះ Luzon ដែលជាកោះធំរបស់ប្រទេសហ្វីលីពីន ក្នុងថ្ងៃព្រហស្បតិ៍នេះ។ វាគឺជាព្យុះទី៥ហើយ ដែលវាយប្រហារលើហ្វីលីពីន ក្នុងរយៈពេលត្រឹម៣សប្តាហ៍។ ការវាយប្រហារពីព្យុះជាបន្តបន្ទាប់ បានសម្លាប់មនុស្សយ៉ាងហោច១៥៩នាក់ នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយបានជំរុញឱ្យអង្គការសហប្រជាជាតិ ស្វែងរកថវិកាជិត៣៣លានដុល្លារ ដើម្បីយកទៅជួយតំបន់ដែលរងគ្រោះខ្លាំងៗជាងគេ។
គួរបញ្ជាក់ថា បន្ទាប់ពីព្យុះទីហ្វុង Usagi ព្យុះព្រូពិកឈ្មោះ Man-yi ក៏ត្រូវបានព្យាករថា នឹងវាយប្រហារលើហ្វីលីពីន នៅអំឡុងចុងសប្តាហ៍នេះផងដែរ។ ជាទូទៅ ហ្វីលីពីននិងតំបន់ជុំវិញ ទទួលរងការបោកបក់ពីព្យុះធំៗ និងព្យុះទីហ្វុងប្រហែលជា២០ព្យុះ ជារៀងរាល់ឆ្នាំ៕