(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីជាន់ខ្ពស់អាមេរិក បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាគ្នាជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដែលវាទំនងនឹងជាជំនួបលើកចុងក្រោយបំផុត រវាងអ្នកទាំងពីរ ខណៈទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន សម្រាប់លទ្ធភាពនៃការប្រឈមមុខគ្នាខ្លាំងជាងមុន ជាមួយទីក្រុងវ៉ាស៉ីនតោន ក្រោមការត្រឡប់មកដឹកនាំ​ជាថ្មី ​របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

មេដឹកនាំទាំងពីរ នឹងជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលរៀបចំឡើងនៅទីក្រុង Lima នៃប្រទេសប៉េរូ។ លោក បៃដិន និងលោក ស៉ី បានព្យាយាមរក្សាភាពតានតឹង កុំឱ្យកើនឡើង​កម្តៅខ្លាំង ជុំវិញបញ្ហាជាច្រើន មានចាប់តាំងពីតៃវ៉ាន់ សមុទ្រចិនខាងត្បូង និង រុស្ស៉ី រហូតដល់ថ្នាំ fentanyl។ ប្រធានាធិបតីទាំងពីរ បានស្តារកិច្ចសន្ទនាកម្រិតមេដឹកនាំ រវាងអាមេរិកនិងចិនឡើងវិញ អំឡុងជំនួបកំពូលនៅរដ្ឋ California កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀត កាលពីសប្តាហ៍កន្លងទៅ បានប្តេជ្ញាថា នឹងអនុវត្តចំណាត់ការដំឡើងពន្ធជារួមក្នុងអត្រា៦០ភាគរយ លើផលិតផលចិនទាំងអស់ ដែលនាំចូលមកកាន់សហរដ្ឋអាមេរិក។ អំឡុងអាណត្តិកាន់អំណាចលើកដំបូង កាលពីឆ្នាំ២០១៧-២០២១ លោក ត្រាំ ធ្លាប់ធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងចំណោមបេក្ខជនមួយចំនួន ដែលលោក ត្រាំ បានប្រកាសជ្រើសរើស សម្រាប់តំណែងជាន់ខ្ពស់នៅក្នុង​រដ្ឋបាលរបស់លោក គឺត្រូវឃើញថា មួយចំនួនជាបុគ្គល ដែលប្រកាន់ជំហរតឹងរ៉ឹងលើចិន ដូចជាលោក Mike Waltz ជាដើម ដែលត្រូវបាន​ជ្រើសរើសជាទីប្រឹក្សាសន្តិសុខជាតិ។ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ៕