(វីយេន)៖ រុស្ស៉ីបានជូនដំណឹងដល់ប្រទេសអូទ្រីសថា ខ្លួននឹងបញ្ឈប់ការចែកចាយឧស្ម័នកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកានេះតទៅ ខណៈដែលវាក៏ជាសញ្ញាបង្ហាញថា លំហូរចុងក្រោយនៃឧស្ម័នរបស់ទីក្រុងមូស្គូ ទៅកាន់អឺរ៉ុបកាន់តែជិតដល់ពេលបញ្ចប់ដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អធិការបតីអូទ្រីស លោក Karl Nehammer បាននិយាយថា ការជូនដំណឹងរបស់ក្រុមហ៊ុន Gazprom របស់រុស្ស៉ីអំពីការបញ្ចប់ការផ្គត់ផ្គង់ត្រូវបានរំពឹងទុកជាយូរមកហើយ ហើយអូទ្រីស ក៏បានត្រៀមលក្ខណៈរួចរាល់ដែរ។ លោកNehammer បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា គ្មានគ្រួសារណាមួយត្រូវរងានោះទេ កន្លែងស្តុក គឺមានហ្គាសគ្រប់គ្រាន់។
ផ្លូវនាំចេញឧស្ម័នដ៏ចំណាស់បំផុតរបស់រុស្ស៉ីទៅកាន់អឺរ៉ុប គឺបំពង់បង្ហូរប្រេងមានអាយុកាលតាំងពីសម័យសូវៀត ឆ្លងកាត់អ៊ុយក្រែន ក៏នឹងត្រូវបិទនៅចុងឆ្នាំផងដែរ។ រុស្ស៉ី នឹងនៅតែផ្គត់ផ្គង់ឧស្ម័នឱ្យតែហុងគ្រី ស្លូវ៉ាគីប៉ុណ្ណោះ ដោយហុងគ្រីទទួលបានឧស្ម័នតាមរយៈបំពង់បង្ហូរប្រេង ដែលភាគច្រើនឆ្លងកាត់តួកគី។
គួរបញ្ជាក់ថា មុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡេីង រុស្ស៉ីបានបំពេញតម្រូវការឧស្ម័ន ៤០ភាគរយរបស់សហភាពអឺរ៉ុប។ អ៊ុយក្រែននិយាយថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងបញ្ជូនឧស្ម័នឆ្លងកាត់ជាមួយក្រុមហ៊ុន Gazprom គ្រប់គ្រងដោយរដ្ឋរុស្ស៉ីទៀតនោះទេ ដេីម្បីដកហូតប្រាក់ចំណេញដែលជួយផ្តល់ហិរញ្ញប្បទានដល់សង្គ្រាម ប្រឆាំងនឹងប្រទេសខ្លួន៕