(លីម៉ា,ប៉េរូ)៖ នៅខាងក្រៅកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ថា ប្រទេសចិនសង្ឃឹមថាប្រទេសជប៉ុន នឹងដោះស្រាយបានត្រឹមត្រូវ ជុំវិញបញ្ហាសំខាន់ៗដូចជាប្រវត្តិសាស្រ្ត និងតៃវ៉ាន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក ស៉ី ក៏បានអំពាវនាវឱ្យប្រទេសជិតខាងអាស៊ីទាំងពីរនេះ រួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មសេរីសកល ក៏ដូចជាខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ដែលមានស្ថិរភាពដោយគ្មានការរារាំងផងដែរ។ ចំណែក លោក Ishiba បានប្រាប់លោក ស៉ី ពីបំណងកសាងទំនាក់ទំនងប្រកបដោយការស្ថាបនា និងស្ថិរភាព ប៉ុន្តែស្នើចិនលុបចោលការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន និងពង្រឹងវិធានការសុវត្ថិភាពសម្រាប់ជនជាតិជប៉ុន នៅក្នុងប្រទេសចិន ហើយសម្តែងការព្រួយបារម្ភអំពីសកម្មភាពដែនសមុទ្ររបស់ចិន។
គួរបញ្ជាក់ថា នេះជាជំនួបលើកដំបូងជាមួយ លោក ស៉ី ជីនពីង គិតចាប់តាំងពីលោក Ishiba ចូលកាន់តំណែងក្នុងខែតុលា។ ប៉ុន្មានខែមកនេះ ក្រុមមន្ត្រីចិន និងជប៉ុនបានផ្លាស់ប្តូរកិច្ចពិភាក្សាពិគ្រោះយោបល់ជាបន្តបន្ទាប់ ដែលជាសញ្ញាបង្ហាញពីស្ថិរភាពនៃការធ្វេីតេស្តទំនាក់ទំនងប្រទេសទាំងពីរ៕