(ម៉ានីល)៖ ហ្វីលីពីន បាននិងកំពុងជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះរបស់ពួកគេ ហេីយលុបចោលជើងហោះហើរជាច្រេីននៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆកានេះ ខណៈព្យុះទីហ្វុងមួយកំពុងរំកិលចុះមក ដោយអាចបង្កជាភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះ និងទឹកជំនន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយមានកម្លាំងខ្យល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Man-Yi កំពុងធ្វើដំណើរទៅកាន់ផ្នែកខាងកើតនៃកោះ Luzon។ ទីភ្នាក់ងារឧតុនិយម បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់ខេត្ត Catanduanes និង Camarines Sur។ ព្យុះនេះទំនងជានឹងបោកបក់នៅជិតខេត្ត Catanduanes នៅយប់ថ្ងៃសៅរ៍ឬព្រឹកថ្ងៃអាទិត្យ។ មានការព្រមានអំពីការវិវត្តន៍ទៅជាព្យុះកាន់តែគ្រោះថ្នាក់ នៅតំបន់ឆ្នេរនៃកោះ Luzon។ ទោះជាព្យុះអាចចុះខ្សោយឥទ្ធិពលខ្លះពេលរសាត់ចេញកោះ ប៉ុន្តែវាប្រហែលនឹងនៅតែជាព្យុះទីហ្វុងរហូតបោកបក់ទៅដល់សមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារគ្រោះមហន្តរាយ បានឱ្យដឹងថា មនុស្សជិត ១៨០,០០០នាក់នៅក្នុងតំបន់ភាគកណ្តាល នៃទីក្រុង Bicol ត្រូវបានជម្លៀសចេញ។ Man-Yi ក៏បានបង្ខំឱ្យលុបចោលជើងហោះហើរជាច្រេីននៅក្នុងតំបន់ Visayas ភាគខាងកើត ដែលប្រឈមមុខនឹងមហាសមុទ្រប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា ជាមធ្យមព្យុះត្រូពិចប្រហែល ២០តែងតែវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយនាំមកនូវភ្លៀង ខ្យល់បោកបក់ និងការរអិលបាក់ដី។ កាលពីខែតុលា ទឹកជំនន់ និងការរអិលបាក់ដី ដោយសារព្យុះត្រូពិច Trami និងព្យុះទីហ្វុង Kong-rey បានសម្លាប់មនុស្ស ១៦២នាក់ និង២២នាក់បាត់ខ្លួន៕