(សៅប៉ូឡូ)៖​ ទាហាន រថពាសដែក និងនាវាកងទ័ពជើងទឹក​ ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ​ អំឡុងពេលកិច្ចប្រជុំកំពូលនៃបណ្តាមេដឹកនាំមកពីប្រទេសមានសេដ្ឋកិច្ចរីកចម្រេីន​ G20 នាថ្ងៃចន្ទ​ និងថ្ងៃអង្គារសប្តាហ៍ក្រោយ​ នៅឯសារមន្ទីរសិល្បៈទំនើបទីក្រុង​ Rio de Janeiro ប្រទេសប្រេស៉ីល។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​។

ចរាចរណ៍ផ្លូវអាកាស រួមទាំងការប្រើប្រាស់យន្តហោះដ្រូនក៏ត្រូវបានរឹតត្បិតផងដែរ ហើយលុបចោលជើងហោះហើររយៈពេលពីរថ្ងៃ​ នៅឯអាកាសយានដ្ឋានក្នុងស្រុក Santos Dumont ដែលស្ថិតនៅក្បែរកន្លែងរៀបចំកម្មវិធី។​ អាជ្ញាធរ​មិន​បាន​សម្រាកឡេីយបន្ទាប់​ពី​មានហេតុការ​ណ៍វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មិន​បាន​សម្រេច នៅ​តុលាការ​កំពូលប្រេស៉ីល​ ​ក្នុង​ទីក្រុង​ Brasilia កាល​ពី​ថ្ងៃ​ពុធ។

ទាហាន​បាន​ដើរ​ល្បាត​ជុំវិញ​សារមន្ទីរ ផ្លូវ​នានា​ត្រូវ​បាន​បិទ​មិន​ឱ្យ​ធ្វើ​ចរាចរណ៍ និងមានរថពាសដែក​ឈប់ចត​នៅ​ខាង​ក្រៅ​អគារ​ដែល​មេដឹកនាំ G20 នឹងជួប​ជុំ​គ្នា។​ ទូកកងទ័ពជើងទឹក​ បានបេីកល្បាតតាមឆ្នេរសមុទ្រ Botafogo ខណៈទាហានម៉ារីន​ ហាត់សមរត់ចុះពីទូកដែលចតនៅលើឆ្នេរ។ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការច្បាប់ និងសណ្តាប់ធ្នាប់ ដោយការដាក់ពង្រាយកងកម្លាំងយោធាបណ្តោះអាសន្ន​ ជាមួយនិងសិទិ្ធអំណាចឃាត់ និងចាប់ខ្លួនជនសង្ស័យ។

គួរបញ្ជាក់ថា​ កម្លាំងសន្តិសុខសរុបមានចំនួន​ ២៦,០០០នាក់ រួមទាំងបុគ្គលិកយោធាចំនួន ២,៩០០នាក់​ ដោយប៉ូលិសការពារនៅកន្លែងប្រជុំ៕