(កៀវ)៖​ ប្រធានាធិបតី​ លោក​ វ៉ូឡូឌីមៀ​ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវតែខំអស់ពីសមត្ថភាព ដើម្បីធានាថាសង្រ្គាមជាមួយរុស្ស៉ី​នឹងបញ្ចប់​នៅឆ្នាំក្រោយ តាមរយៈមធ្យោបាយការទូត។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

នៅក្នុងបទសម្ភាសន៍មួយ​ លោក ហ្សេលេនស្គី​ បានទទួលស្គាល់ថា​ ស្ថានភាពនៅសមរភូមិភាគខាងកើតអ៊ុយក្រែន​ជួបការលំបាក ហើយរុស្ស៉ីកំពុងឈានទៅមុខ​។ ប៉ុន្តែប្រធានាធិបតីរុស្ស៉ី​ លោក វ្ល៉ាឌីមៀ​ ពូទីន​ មិនយល់ព្រមតាមអ្វីដែលមានក្នុងកិច្ចព្រមព្រៀងសន្តិភាព​នោះទេ។ លោក​ ហ្សេលេនស្គី​ គូសបញ្ជាក់ដូច្នេះថា «​ក្នុង​នាម​ជា​ប្រធានា​ធិបតី​​អ៊ុយក្រែន​ ខ្ញុំនឹង​យក​ចិត្ត​ទុក​ដាក់​លេីការសន្ទនា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ជាមួយនិងការគោរព​ដល់អ្នក​ចូល​រួមយោបល់»។

ការ​អត្ថាធិប្បាយ​របស់​លោក​ ហ្សេលេនស្គី​ នៅ​ពេល​នេះហាក់បង្ហាញពីការសម្រេច​ចិត្ត​មួយ​ បន្ទាប់​ពី​លោក​ ដូណាល់​ ត្រាំ​ ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ខណៈកំពុងប្រឈមមុខនឹងសមរភូមិ​ដ៏​លំបាក​ជាមួយរុស្ស៉ី​។ បេីតាមលោក​ ហ្សេលេនស្គី​ ច្បាប់របស់សហរដ្ឋអាមេរិក​ បានរារាំងរូបលោកពីការជួបប្រធានាធិបតីជាប់ឆ្នោត លោក​ ដូណាល់​ ត្រាំ​ មុនពេលចូលកាន់តំណែងផ្លូវការ​ ប៉ុន្តែលោកប្តេជ្ញាថា​នឹង​ជជែក​ជាមួយ​លោក ត្រាំ​ ដោយផ្ទាល់​ ជាជាង​ជាមួួយមន្រ្តីទូត ឬ​ទីប្រឹក្សា​របស់លោក​ ត្រាំ៕