(វ៉ាស៉ីនតោន)៖ លោក Matthew Whitaker ដែលជាអ្នកច្បាប់មួយរូប និងមានបទពិសោធន៍ផ្នែកការបរទេសតិចតួច ត្រូវបានប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ជ្រើសរើសឱ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំអង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោក ត្រាំ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «Matt គឺជាអ្នកចម្បាំងដ៏រឹងមាំ និងជាអ្នកស្នេហាជាតិដ៏ស្មោះត្រង់ ដែលនឹងធានាការពារផលប្រយោជន៍អាមេរិក។ Matt នឹងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត NATO របស់យើង ហើយឈរយ៉ាងរឹងមាំ ប្រឈមមុខនឹងការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។ គាត់នឹងគិតប្រយោជន៍ប្រជាជនអាមេរិកជាធំ»

លោក Whitaker ធ្លាប់កាន់តួនាទីអគ្គរដ្ឋអាជ្ញាស្តីទី រយៈពេល ៣ខែអំឡុងអាណត្តិទី ១របស់លោក ត្រាំ ពីឆ្នាំ ២០១៧-២០២១ និងបានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថាន America First Policy ដែលជាក្រុមអ្នកស្តាំនិយម ធ្វើការងាររៀបចំគោលនយោបាយ សម្រាប់អាណត្តិទីពីរឱ្យលោក ត្រាំ។ លោក Whitaker ក៏ត្រូវបានគេស្គាល់ថាជាអ្នករិះគន់ឥតសំចៃ ទៅលើការស៉ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស ជុំវិញទំនាក់ទំនងរវាងយុទ្ធនាការប្រធានាធិបតីឆ្នាំ ២០១៦ របស់លោក ត្រាំ ជាមួយក្រុមមន្ត្រីរុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអង្គការណាតូ ក៏បានជួបប្រទះនូវភាពតានតឹងដែរ កាលពីអាណត្តិដំបូងរបស់លោក ត្រាំ ខណៈដែលប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ បានរិះគន់អង្គការណាតូ ហើយចោទប្រកាន់សមាជិកអឺរ៉ុបថា ចាយលុយតិចពេកលើវិស័យការពារជាតិរបស់ខ្លួន៕