(ប៉េកាំង)៖ កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស G20 លើកទី ១៩ បានប្រារព្ធធ្វើនៅទីក្រុង រីយ៉ូដឺចេណេរ៉ូនៃប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ខែវិច្ឆិកា ក្រោមប្រធានបទ "កសាងពិភពលោកដ៏យុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព" ។ "យើងរំពឹងទុកថាប្រទេសចិននឹងបន្តបញ្ចេញមតិសំខាន់ៗ ចំពោះការប្រមូលផ្តុំនូវគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍ គាំទ្រកិច្ចសហប្រតិបត្តិការពហុភាគី និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃពិភពលោកទាំងមូល" "យើងរំពឹងទុកថា ប្រទេសចិននឹងបន្តជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការបង្កើត ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកល ដែលមានភាពកាន់តែយុត្តិធម៌ និងប្រកបដោយលក្ខណៈបរិយាប័ន្ន ។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ មជ្ឈដ្ឋានមតិអន្តរជាតិបាននាំគ្នា សម្តែងការរំពឹងទុកថា នៅក្នុងកិច្ចប្រជុំកំពូលក្រុង រីយ៉ូដឺចេណេរ៉ូនៃប្រទេស G20 ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីៗ ដល់ពិភពលោក។

ក្នុងនាមជាវេទិកាដ៏សំខាន់សម្រាប់ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចអន្តរជាតិ ប្រទេស G20 បានប្រមូលផ្តុំនូវអង្គភាពសេដ្ឋកិច្ចដ៏ជឿនលឿនសំខាន់ៗ និងអង្គភាពសេដ្ឋកិច្ចទីផ្សារងើបឡើងថ្មី លើពិភពលោកទាំងមូល ដែលមានទំហំសេដ្ឋកិច្ចសរុបប្រហែល៨៥ ភាគរយនិងចំនួនប្រជាជនពីរភាគបី នៃពិភពលោកទាំងមូល។ កាលពី ១៦ ឆ្នាំមុន ក្នុងគ្រាដ៏គន្លឹះបំផុត នៃវិបត្តិហិរញ្ញវត្ថុអន្តរជាតិ ការបើកធ្វើកិច្ចប្រជុំកំពូលនៃប្រទេស G20 បានជំរុញយ៉ាងខ្លាំងដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជៀសវាងកុំឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូល ក្នុងភាពថមថយខ្លាំងម្ដងទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេស G20 បានធ្វើបរិវត្តកម្មពីយន្តការឆ្លើយតបនឹងវិបត្តិទៅជា យន្តការអភិបាលកិច្ចរយៈពេលវែង ជាបណ្តើរៗដែលបានក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោកឱ្យសម្រេចបាន នូវកំណើនដ៏ខ្លាំងក្លាដែលប្រកបដោយនិរន្តរភាព តុល្យភាពនិងបរិយាប័ន្ន។

នាពេលបច្ចុប្បន្ន ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខ នឹងវិបត្តិជាច្រើន ដូចជាវិបត្តស្បៀងអាហារនិងថាមពលជាដើម ឯកតោភាគីនិយមនិងការពារនិយមបានងើបឡើងវិញ ហើយឱនភាពអភិវឌ្ឍន៍បានកើនឡើងយ៉ាងច្បាស់លាស់។ ព្រមពេលជាមួយគ្នានេះ ប្រទេស"សកលខាងត្បូង" បានងើបឡើងវិញជាក្រុម ប៉ុន្តែសំឡេងនិងការទាមទាររបស់ពួកគេ មិនត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ ក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិនាពេលបច្ចុប្បន្ននោះទេ។ ក្នុងបរិបទបែបនេះ សហគមន៍អន្តរជាតិរំពឹងចង់ ឮសំឡេង សម្រាប់ដោះស្រាយបញ្ហាយ៉ាងពិតប្រាកដ ហើយរំពឹងថា រដ្ឋសមាជិកនៃប្រទេស G20 នឹងបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍសកលនិងធ្វើឱ្យ អភិបាលកិច្ចសកលមានសុក្រឹតភាព តាមរយៈស្មារតីនៃទំនាក់ទំនងភាពជាដៃគូ។

ការអភិវឌ្ឍគឺជាបញ្ហាចម្បងបំផុត សម្រាប់ប្រទេសណាមួយទាំងអស់។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេស G20 ប្រទេសចិនបានផ្តោតសំខាន់លើ បញ្ហាអភិវឌ្ឍន៍ជាប់រហូតមក នេះគឺជាលក្ខណៈពិសេសដ៏លេចធ្លោមួយ ។ នៅក្នុងក្រុមការងារស្តីពី "ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាននិងភាពក្រីក្រ" ដែលបានបង្កើតឡើងតាមសំណើរបស់ប្រទេសប្រេស៊ីល ដែលជាប្រធានផ្លាស់វេននៃកិច្ចប្រជុំកំពូល នៃប្រទេស G20 លើកនេះ ប្រទេសចិនបានចែករំលែកនិងផ្លាស់ប្តូរគោលនយោបាយ កាត់បន្ថយភាពក្រីក្រនិងការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាជាច្រើនលើក ដែលជាសមាជិកដ៏រស់រវើក និងលេចធ្លោបំផុតមួយ។

គួរបញ្ជាក់ផងដែរថា ជានិច្ចកាល ប្រទេសចិនតែងតែសង្កត់ធ្ងន់ពីការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី ជាពិសេសគឺសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតង។ ឧទាហរណ៍ដូចជា ការរំពឹងទុកដ៏សំខាន់របស់ប្រទេសចិន ចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេស G20 នៅឆ្នាំនេះ គឺ ត្រួសត្រាយសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល ហើយរំពឹងថា សមាជិកនៃប្រទេស G20 នឹងបន្តជំរុញការតភ្ជាប់ឌីជីថលប្រកបដោយគុណភាពខ្ពស់ និងបង្កើតបរិយាកាសសេដ្ឋកិច្ចឌីជីថល ដែលប្រកបដោយភាពបើកទូលាយ បរិយាប័ន្ននិងភាពមិនរើសអើង ។ លើសពីនេះទៅទៀត ប្រទេសចិនបានអំពាវនាវឱ្យ ជំរុញយ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យជាច្រើនដូចជាភាពបៃតង និងកាបូនទាប ការការពារបរិស្ថាន ការធ្វើបរិវត្តកម្មថាមពលនិងឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុជាដើម។

អាចឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូលក្រុង រីយ៉ូដឺចេណេរ៉ូនៃប្រទេស G20 នៅឆ្នាំនេះគឺ មានភាពស៊ីសង្វាក់គ្នា ជាមួយទស្សនៈអភិវឌ្ឍន៍និងគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ។ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិននឹងរួមសហកាជាមួយបណ្តាភាគីនានា ដើម្បីស្វែងរកការអភិវឌ្ឍរួមនិងរួមគ្នាផ្តួចផ្តើម ឱ្យមានពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាព និងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន។ ពិភពលោកមានហេតុផលរំពឹងថា ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញា និងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួម នៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន