(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀង OPEC+ និងស្ថានភាពនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់លោក al-Sudani បានគូសបញ្ជាក់ថា ការសន្ទនានេះមេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសម្របសម្រួល រវាងសមាជិក OPEC និង OPEC+ ក្នុងការរក្សាស្ថិរភាពតម្លៃប្រេង ដើម្បីធានាឱ្យមានតម្លៃសមរម្យ សម្រាប់ប្រទេសនាំចេញនិងប្រទេសនាំចូល។
គួរបញ្ជាក់ថា OPEC+ គឺជាក្រុមប្រទេស ដែលរួមមានសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលដឹកនាំដោយរុស្ស៊ី។ ក្រុមនេះមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើទីផ្សារប្រេងពិភពលោក តាមរយៈការសម្របសម្រួល ក្នុងការកំណត់កម្រិតផលិតកម្មប្រេង៕