(ឡាអេ)៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃព្រហស្បតិ៍នេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិ Yoav Gallant ព្រមទាំងមេបញ្ជាការយោធារបស់ក្រុមហាម៉ាស់ Mohammed Deif ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានច្រានចោលការចោទប្រកាន់នេះ។ អ៊ីស្រាអែលក៏បានអះអាងថា លោក Mohammed Deif ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅហ្គាហ្សាកាលពីខែកក្កដា ប៉ុន្តែហាម៉ាស់មិនបានបញ្ជាក់ ឬបដិសេធព័ត៌មាននេះទេ។
ការសម្រេចចិត្តនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ពួកគេចាត់ទុកថា វាជាការអាម៉ាស់និងជាអំពើអយុត្តិធម៌។ ទោះជាយ៉ាងណា អង្គជំនុំជម្រះ ICC បានបញ្ជាក់ថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់មេដឹកនាំទាំងនោះ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមានការសម្លាប់រង្គាល ឃាតកម្ម ការចាប់ចំណាប់ខ្មាំង ការចាប់រំលោភ ការធ្វើទារុណកម្ម ការវាយប្រហារដោយចេតនាលើជនស៊ីវិល និងការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្រ្គាមជាដើម។
គួរបញ្ជាក់ថា ការចេញដីកាចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បានប្រកាសកាលពីខែឧសភាថា លោកកំពុងស្វែងរកដីកាចាប់ខ្លួន សម្រាប់បុគ្គលមួយចំនួន ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ទាក់ទងនឹងការវាយប្រហារ របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ និងការឆ្លើយតបរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា៕