(ព្រុចសែល)៖ នៅពេលដែលលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មេដឹកនាំចិនបានសង្ឃឹមថាទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន អាចមានភាពល្អប្រសើរ ដោយដើរចេញពីនយោបាយ ហ៊ុមព័ទ្ធសេដ្ឋកិច្ចចិនរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែ ក្រោយឡើងកាន់អំណាច លោក បៃដិន នៅតែបន្តរក្សាគោលនយោបាយមួយចំនួនរបស់លោក ត្រាំ តួយ៉ាងដូចជាការដំឡើងពន្ធលើទំនិញនាំចូលពីចិន ហើយកាន់តែបង្កើនការរឹតត្បិតការនាំចេញបច្ចេកវិទ្យាទៅកាន់ទីផ្សារចិនទៀតផង។ ទំាងអាណត្តិរបស់លោក បៃដិន និងលោក ត្រាំ ធ្វើឱ្យចិនយល់យ៉ាងច្បាស់ថាមិនថាអ្នកដឹកនាំសេតវិមានជានរណា ក៏ចិន នឹងនៅតែត្រូវប្រឈមមុខជាមួយសហរដ្ឋអាមេរិកដែលព្យាយាមខ្ទប់ការកើនឡើងឥទ្ធិពលចិនដូចតែគ្នា។
តាមក្រុមអ្នកវិភាគលោកខាងលិច រដ្ឋបាលថ្មីរបស់លោក ត្រាំ អាចនឹងផ្ដល់អត្ថាប្រយោជន៍មួយចំនួនសម្រាប់ចិន ក្រោមហេតុ៤យ៉ាង។ ម្យ៉ាង៖ មេដឹកនាំចិនបានស្គាល់ពីគោលជំហររបស់លោក ត្រាំ ដែល អាចប្រែប្រួលគ្រប់ពេលវេលា ហើយរូបលោកចូលចិត្តដោះស្រាយគ្នាតាមរយៈការចុះកិច្ចព្រមព្រៀង។ តួយ៉ាងរឿងបែបនេះធ្លាប់បានកើតឡើងកាលពីឆ្នាំ២០១៩ នៅពេលអតីតឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ចុះកិច្ចព្រមព្រៀងមួយដែលស្គាល់ថាកិច្ចព្រមព្រៀងដំណាក់កាលទី១ជាមួយលោក ត្រាំ។ កិច្ចព្រមព្រៀងនៅពេលនោះមានគោលបំណងលុបចោលការដំឡើងពន្ធមួយចំនួនរបស់អាមេរិក ជាថ្នូរនឹង ការនាំចូលទំនិញមានទំហំទឹកប្រាក់ ៦០០ពាន់លានដុល្លាររបស់ចិនពីសហរដ្ឋអាមេរិក និងអនុគ្រោះដល់ការចូលទីផ្សារចិនសម្រាប់ក្រុមហ៊ុនអាមេរិក ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ។
ទី២៖ គោលនយោបាយគាំពារនិយម ឬ America First របស់លោក ត្រាំ អាចនឹងបង្ខំឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងនោះមានដូចជាសហភាពអឺរ៉ុប គ្មានជម្រើសអ្វីផ្សេង ក្រៅតែពីស្វែងរកការគំាទ្រ ពីកន្លែងផ្សេងទៀត ឬក៏អាចខិតទៅរកចិនក៏ថាបាន។ ទី៣៖ លោក ត្រាំ បានបញ្ជាក់ម្ដងហើយម្ដងទៀតពីចេតនាចង់បញ្ចប់សង្រ្គាមអ៊ុយក្រែនឱ្យបានយ៉ាងឆាប់រហ័ស។ នៅត្រង់ចំណុចនេះ ប្រសិនបើការបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែនរបស់លោក ត្រាំ តម្រូវឱ្យទទួលយកសំណើរបស់រុស្ស៉ី នោះវានឹងផ្ដល់ផលចំណេញដល់ចិន។ ពីព្រោះថាការបញ្ចប់សង្រ្គាមដែលធ្វើឱ្យគេមើលឃើញថាសហរដ្ឋអាមេរិក បោះបង់ចោល អ៊ុយក្រែន អាចនឹងក្លាយជាការវាយបំបាក់ស្មារតី និងជំនឿទុកចិត្តរបស់តៃវ៉ាន់ដែលរំពឹងថាសហរដ្ឋអាមេរិកនឹងគាំទ្រតៃវ៉ាន់ ក្នុងករណីសង្រ្គាមជាមួយចិនផ្ទុះឡើង។ ទី៤៖ អាណត្តិទី២របស់លោក ត្រាំ អាចនឹង ត្រូវបានចិនប្រើប្រាស់ដើម្បីសាបព្រោះនូវគំនិតនៃការធ្លាក់ចុះឥទ្ធិពលរបស់អាមេរិក និងការដើរថយក្រោយនៃប្រជាធិបតេយ្យ។ សព្វថ្ងៃ ចិនមានទឹកមាត់ប្រៃរួចទៅហើយលើបណ្ដាប្រទេស Global South ឬពិភពលោកខាងត្បូង ដែលមើលឃើញថាលោកខាងលិចមានស្ដង់ដារ២ ដោយសារតែសង្រ្គាមរបស់អ៉ីស្រាអែលនៅហ្កាហ្សា និងលីបង់។ លោក ត្រាំ ត្រូវបានរំពឹងថានឹងផ្ដល់ឱ្យប្រទេសជាដៃគូរបស់ខ្លួននូវ សម្បទានកាន់តែតិច សម្រាប់កិច្ចសហប្រតិបត្តិការ ហើយគិតគូតែពីប្រយោជន៍អាមេរិកខ្លាំងជាងជំនាន់លោក បៃដិនទៅទៀត។ រឿងបែបនេះបើកើតឡើងពិតមែន នោះ Global South នឹងកាន់តែខិតជិត ទៅរកចិន។
តែទោះជាបែបនេះក្ដី ក្រៅពីគុណសម្បត្តិ វាក៏មានគុណវិបត្តិដែរ។ នៅក្រោមអាណត្តិទី២របស់លោក ត្រាំ សេដ្ឋកិច្ចចិនអាចប្រឈមនឹងផលវិបាក។ លោក ត្រាំ បានសន្យាថានឹងដំឡើងពន្ធ ៦០ភាគរយលើ ទំនិញនាំចូលពីចិន។ គួរបញ្ជាក់ថា នៅក្រោមអាណត្តិទី១ របស់លោក ត្រាំ ការវិនិយោគរបស់ចិននៅក្នុងសហរដ្ឋអាមេរិកបានធ្លាក់ចុះ ដោយសារតែវិធានការរឹតត្បិតនៅក្រោមការធ្វើកំណែទម្រង់មួយរបស់ គណៈកម្មាធិការស្ដីពីការវិនិយោគបរទេសនៅក្នុងសហរដ្ឋអាមេរិក (CFIUS)។ នៅពេលនោះក្រុមហ៊ុនចិនជាច្រើនត្រូវបានបំបាក់ស្មារតីមិនអាចប្រមូលមូលនិធិ នៅក្នុងសហរដ្ឋអាមេរិក ក៏ព្រោះតែលោក ត្រាំ បានគំរាមដកពួកគេចេញពីទីផ្សារភាគហ៊ុនអាមេរិក។ ចំណែក ការផ្លាស់ប្ដូរវាងប្រជាជន និងប្រជាជននឹងកាន់តែពិបាក ជាពិសេសការផ្លាស់ប្ដូររវាងនិស្សិតផ្នែកវិទ្យាសាស្ត្រ ស្របពេលលោក ត្រាំ បានបង្ហាញ សញ្ញាថាការរឹតត្បិតបច្ចេកវិទ្យា ហិរញ្ញវត្ថុ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំងការដំឡើងពន្ធនឹងនៅតែត្រូវបន្តអនុវត្តដដែល៕