(ដាម៉ាស់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងបុរាណ Palmyra ប្រទេសស៊ីរី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ ៣៦នាក់ និងរបួសជាង ៥០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរបានគូសបញ្ជាក់ថា ការវាយប្រហារនេះបានកំណត់គោលដៅ លើអគារលំនៅដ្ឋាន និងតំបន់ឧស្សាហកម្មនៅក្នុងទីក្រុង Palmyra។ ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយ លើការវាយប្រហារនេះទេ។ ប៉ុន្តែប្រភពព័ត៌មានបានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតបរបស់អ៊ីស្រាអែល ទៅនឹងការវាយប្រហាររបស់ក្រុមហេសបូឡាទៅលើទឹកដីអ៊ីស្រាអែល។
ទីភ្នាក់ងារ SANA ដែបានដកស្រង់សម្តីមន្ត្រីយោធា បានរាយការណ៍ថា «នៅម៉ោងប្រហែល ១:៣០ រសៀលថ្ងៃ (ព្រហស្បតិ៍) នេះ សត្រូវអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសពីទិសដៅនៃតំបន់ al-Tanf ដោយផ្តោតលើអគារមួយចំនួននៅក្នុងទីក្រុង Palmyra ក្នុងវាលខ្សាច់ស៊ីរី ដែលបានសម្លាប់មនុស្ស ៣៦នាក់ និងរបួសជាង ៥០ នាក់ផ្សេងទៀត»។
គួរបញ្ជាក់ថា ទីក្រុង Palmyra ជាទីក្រុងបុរាណនិងជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ វាធ្លាប់ត្រូវបានក្រុម ISIS គ្រប់គ្រងនិងបំផ្លាញមួយផ្នែក មុនពេលត្រូវបានកងទ័ពស៊ីរីដណ្តើមយកមកវិញ។ ការវាយប្រហារនេះបានបង្កការខូចខាត ដល់ទីក្រុងបុរាណនេះជាថ្មីម្តងទៀត៕