(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានទម្លាក់កំហុសលើគោលជំហររបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់ ជាមូលហេតុ ដែលរារាំងមិនឱ្យរដ្ឋមន្រ្តីរបស់ខ្លួន ជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក នៅឯប្រទេសឡាវ ក្នុងសប្តាហ៍នេះ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
កាលពីថ្ងៃពុធសប្តាហ៍នេះ មន្រ្តីអាមេរិកបានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បានបដិសេធសំណើរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ដែលចង់ឱ្យមានការជួបពិភាក្សាគ្នា អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលប្រារព្ធឡើងនៅប្រទេសឡាវ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា អាមេរិកមិនអាចបំផ្លាញផលប្រយោជន៍ស្នូលរបស់ចិន ស្តីពីតៃវ៉ាន់ ហើយទន្ទឹមគ្នា ធ្វើប្រាស្រ័យទាក់ទង ជាមួយយោធាចិន ប្រៀបដូចជាគ្មានរឿងអ្វីកើតឡើង នោះឡើយ។ អ្នកនាំពាក្យរូបនោះ បានបន្ថែមថា ការមិនបានជួបមុខគ្នា រវាងប្រមុខការពារនៃប្រទេសទាំងពីរ គឺជាការទទួលខុសត្រូវទាំងស្រុង របស់សហរដ្ឋអាមេរិក។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបង្កឱ្យមានសំណួរថា តើមានតែការផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិកចំពោះតៃវ៉ាន់ទេឬ ទើបអាចស្តារកិច្ចសន្ទនារវាងយោធានិងយោធា ក្នុងកម្រិតរដ្ឋមន្រ្តីការពារជាតិ រវាងមហាអំណាចទាំងពីរឡើងវិញ។ យ៉ាងណាក្តី លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធថា ការបដិសេធរបស់លោក Dong មិនមានផលប៉ពាល់អ្វីចំពោះអនាគតឡើយ។
គួរបញ្ជាក់ថា លោក Austin ធ្លាប់ជួបរដ្ឋមន្រ្តីការពារជាតិចិន នៅក្រៅសន្និសីទមួយក្នុងប្រទេសសិង្ហបុរី នាពេលកន្លងទៅ ក្នុងឆ្នាំនេះ ហើយលោកបានលើកឡើងអំពី ការខ្វែងគំនិតគ្នារវាងអាមេរិកនិងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក៏ដូចជាបញ្ហាផ្សេងៗទៀត ប៉ុន្តែបានសង្កត់ធ្ងន់អំពី ភាពចាំបាច់ដើម្បីរក្សាច្រកទាក់ទងរវាងយោធានិងយោធា ឱ្យនៅបើកចំហ៕