(សៅប៉ូឡូ)៖ ប៉ូលិសសហព័ន្ធ បានលើកឡើងក្នុងលិខិតចោទប្រកាន់ជាផ្លូវការមួយ ដែលដាក់ជូនតុលាការកំពូលថា អតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro គ្រោងធ្វើរដ្ឋប្រហារដើម្បីបដិសេធការបោះឆ្នោតឆ្នាំ ២០២២ ដោយមានការចូលរួមពីអតីតរដ្ឋមន្ត្រី និងជំនួយការជាន់ខ្ពស់ជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។

របាយការណ៍ចុងក្រោយរបស់ប៉ូលិស គ្របដណ្តប់លើការស៉ើបអង្កេតរយៈពេលជិត ២ឆ្នាំ ជុំវិញភាពជាប់ពាក់ព័ន្ធរបស់ លោក Bolsonaro នៅក្នុងចលនាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត រហូតមានកុបកម្មពីសំណាក់អ្នកគាំទ្ររូបលោក នៅក្នុងទីក្រុង Brasilia កាលពីខែមករា ឆ្នាំ ២០២៣ និងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគូប្រជែងគឺប្រធានាធិបតី លោក Luiz Inacio Lula da Silva ឡើងកាន់តំណែង។ ប៉ូលិសសហព័ន្ធនិយាយថា ភស្តុតាងផ្អែកលើដីកាស្វែងរកចាប់ខ្លួន ខ្សែអាត់សំឡេង កំណត់ត្រាហិរញ្ញវត្ថុ និងសក្ខីកម្មនៃការជជែកគ្នា។

តុលាការកំពូល នឹងបញ្ជូនរបាយការណ៍របស់ប៉ូលិស ដែលជាព័ត៌មានលម្អិតពេញលេញ និងរក្សាការសម្ងាត់ ទៅកាន់អគ្គរដ្ឋអាជ្ញារបស់ប្រទេស នៅសប្តាហ៍ក្រោយ ដែលជាអ្នកសម្រេចដាក់បន្ទុកលើ លោក Bolsonaro និងចោទប្រកាន់មនុស្ស ៣៦នាក់ទៀត ពីបទសមគំនិតក្នុងឧក្រិដ្ឋកម្ម ដើម្បីផ្តួលរំលំលទ្ធិប្រជាធិបតេយ្យ។ ចំពោះករណីគប់គិតគ្នា មានរាប់ចាប់តាំងពីកិច្ចប្រឹងប្រែង ផ្សព្វផ្សាយព័ត៌មានមិនពិតពីការបោះឆ្នោត រហូតដល់ការញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យចូលរួមធ្វើរដ្ឋប្រហារ ឬជំនួយតាមផ្នែកច្បាប់ និងស៉ើបការណ៍សម្ងាត់ជាដើម។

លោក Bolsonaro បាននិយាយលើបណ្តាញសង្គមថា ក្រុមស៉ើបអង្កេត និងចៅក្រមនៃតុលាការកំពូល ដែលពិនិត្យករណីនេះ បានច្នៃប្រឌិត និងធ្វើគ្រប់យ៉ាងដែលច្បាប់មិនបានចែង។ រីឯមេធាវីរបស់លោក Bolsonaro ប្រាប់ Reuters ថាលោករង់ចាំមើលរបាយការណ៍របស់ប៉ូលិសសិន មុនពេលធ្វើអត្ថាធិប្បាយ។

គួរបញ្ជាក់ថា ដោយឡែក នៅដើមសប្តាហ៍នេះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៥នាក់ សង្ស័យថាមានគម្រោងធ្វើឃាត លោក Lula មុនពេលចូលកាន់តំណែង។ ក្រុមស៉ើបអង្កេតរកឃើញថា លោក Bolsonaro ក៏បានដឹងអំពីផែនការនោះដែរ៕