(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា រុស្ស៉ីបានផ្តល់ប្រព័ន្ធមីស៉ីលការពារដែនអាកាស ឱ្យទៅកូរ៉េខាងជើង ជាការដោះដូរ សម្រាប់ការបញ្ជូនទ័ពពីសំណាក់ទីក្រុងព្យុងយ៉ាង ដើម្បីជួយប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងបទសម្ភាសមួយជាមួយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង SBS ដែលចាក់ផ្សាយនៅថ្ងៃសុក្រនេះ លោក Shin បាននិយាយថា រុស្ស៉ីបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា ដល់កូរ៉េខាងជើង នៅពេលរូបលោក ត្រូវបានសាកសួរថា តើទីក្រុងព្យុងយ៉ាង ទទួលបានអត្ថប្រយោជន៍អ្វី ពីការបញ្ជូនទាហានរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៉ី។ លោក Shin បាននិយាយ​ដូច្នេះថា «បើតាមយើងដឹង កូរ៉េខាងជើងត្រូវបានផ្តល់ឱ្យ នូវមីស៉ីលការពារដែនអាកាស និងសម្ភារពាក់ព័ន្ធ ដើម្បីជួយពង្រឹង​សមត្ថភាពការពារអាកាស ដែលមានភាពទន់ខ្សោយរបស់ ទីក្រុងព្យុងយ៉ាង»។ បើតាមលោក Shin ទីក្រុងព្យុងយ៉ាង ក៏ហាក់ទទួលបាន បច្ចេកវិទ្យាយោធាពីរុស្ស៉ី ដើម្បីគាំទ្រដល់កម្មវិធីផ្កាយរណបរបស់ខ្លួន ផងដែរ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ក្រុមសមាជិកសភាកូរ៉េខាងត្បូង បានអះអាងថា កងទ័ពកូរ៉េខាងជើងប្រហែល ១០ ៩០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីចូលរួមក្នុងនាមជាកងឆត្រយោង និងកងម៉ារីនរបស់រុស្ស៉ី ដែលប្រឈមមុខជាមួយអ៊ុយក្រែន ខណៈទាហានកូរ៉េខាងជើងមួយចំនួន គឺបានចូលរួមប្រយុទ្ធ ក្នុងសមរភូមិរួចហើយ៕