(ញូវដេលី)៖ ឥណ្ឌា បានព្រមានកាណាដា អំពីការខូចខាតថែមទៀតក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ បន្ទាប់ពីកាសែត The Globe and Mail មានមូលដ្ឋាននៅទីក្រុង Toronto ចោទប្រកាន់នាយករដ្ឋមន្រ្តី លោក Narendra Modi ថាបានដឹងឮអំពីផែនការ ដែលកំណត់គោលដៅលើក្រុមសកម្មជន Sikh។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ប្រទេសកាណាដា គឺជាផ្ទះសម្រាប់សហគមន៍ Sikh ដ៏ធំបំផុតនៅខាងក្រៅប្រទេសឥណ្ឌា ដោយរួមបញ្ចូលទាំងសកម្មជន នៃចលនា Khalistan ដែលជាចលនាបំបែកខ្លួនស្វែងរករដ្ឋឯករាជ្យមួយ សម្រាប់អ្នកកាន់សាសនាភាគតូចមួយនេះ ដើម្បីបំបែកខ្លួនចេញពីឥណ្ឌា។ ទីក្រុងអូតាវ៉ា ចោទប្រកាន់ឥណ្ឌាថា បានរៀបចំផែនការសម្លាប់ លោក Hardeep Singh Nijjar ដែលជាអ្នកធ្វើយុទ្ធនាការ Khalistan ដ៏លេចធ្លោមួយរូប សញ្ជាតិកាណាដា កាលពីឆ្នាំ ២០២៣ នៅឯទីក្រុង Vancouver ហើយកំណត់គោលដៅលើសកម្មជន Sikh ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយចលនានេះ។

The Globe and Mail បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខកាណាដា ជឿថា លោក Modi បានដឹងពីយុទ្ធនាការ ដែលផ្តោតលើសកម្មជន Sikh។ ជាការឆ្លើយតប ក្រសួងការបរទេសឥណ្ឌា លើកឡើងថា «សេចក្តីរាយការណ៍ ដ៏គួរឱ្យអស់សំណើច ដោយកាសែតដែលយកប្រភពពីរដ្ឋាភិបាលកាណាដា គួរតែត្រូវបានទាត់ចោល ជាមួយនិងការម៉ាក់ងាយ ដែលពួកគេសមតែទទួលបាន។ យុទ្ធនាការ​លាបពណ៌​បែបនេះ​ គ្រាន់តែអាច​បំផ្លាញដល់​ទំនាក់ទំនង ​ដែល​ជួប​ភាព​តានតឹង​ស្រាប់ទៅហើយ​របស់​យើងប៉ុណ្ណោះ»

គួរបញ្ជាក់ថា ម្តងហើយម្តងទៀត ឥណ្ឌាបានច្រានចោលការចោទប្រកាន់ ពីការសម្លាប់លោក Hardeep និងភាពជាប់ពាក់ព័ន្ធនានា ក្នុងផែនការប្រឆាំងក្រុម Sikh។ ប្រការនេះធ្វើឱ្យទំនាក់ទំនងផ្នែកការទូតប្រទេសទាំងពីរ ធ្លាក់ចុះដុនដាប ដោយកាលពីខែមុន មានការបណ្តេញអ្នកការទូតជាន់ខ្ពស់ទៀតផង៕