(ប៊ុយដាប៉ែស)៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បាននិយាយថា រូបលោកនឹងអញ្ជើញ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu មកបំពេញទស្សនកិច្ចនៅហុងគ្រី ហើយលោកបានធានាថា ដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងមិនត្រូវអនុវត្តតាមឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក Yoav Gallant ព្រមទាំងមេដឹកនាំម្នាក់ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន ឈ្មោះ Ibrahim Al-Masri ក្រោមការជាប់សង្ស័យប្រព្រឹត្ត ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកនាយករដ្ឋមន្រ្តីហុងគ្រី បាននិយាយថា ការចេញដីកាចាប់ខ្លួនរបស់តុលាការ ICC ប្រឆាំងលោក Netanyahu គឺជារឿងខុស ហើយយលោកបានបន្ថែមដូច្នេះថា «ខ្ញុំនឹងអញ្ជើញលោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល Netanyahu ឱ្យមកធ្វើទស្សនកិច្ចនៅហុងគ្រី ហើយក្នុងការអញ្ជើញនោះ ខ្ញុំនឹងធានាថា ប្រសិនបើលោក យល់ព្រមមកធ្វើទស្សនកិច្ច សេចក្តីសម្រេចរបស់ ICC នឹងគ្មានសុពលភាពអ្វី នៅហុងគ្រីឡើយ ហើយយើងនឹងមិនអនុវត្តតាមដីការបស់ ICC ដាច់ខាត»។ ហុងគ្រី ស្ថិតក្នុងចំណោមប្រទេស សរុបចំនួន១២៤ នៅលើពិភពលោក ដែលជាសមាជិកក្នុងលក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការ ICC។
គួរបញ្ជាក់ថា ចាប់តាំងពីលោក Orban និងគណបក្សជាតិនិយមរបស់លោក បានឡើងកាន់អំណាច ចាប់តាំងពីឆ្នាំ២០១០មក រូបលោក និងលោក Netanyahu បានកសាងទំនាក់ទំនងនយោបាយយ៉ាងជិតស្និទ្ធ។ លោក Netanyahu ធ្លាប់បានមកបំពេញទស្សនកិច្ច នៅរដ្ឋធានីប៊ុយដាប៉ែស កាលពីឆ្នាំ២០១៧។ ខណៈមេដឹកនាំអ៉ីស្រាអែល និងសេតវិមាន បានថ្កោលទោសធ្ងន់ៗ លើការសម្រេចចិត្តរបស់ ICC ប្រមុខគោលនយោបាយការបរទេស នៃសហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយថា ការចេញដីកានោះ មិនមានលក្ខណៈនយោបាយឡើយ ហើយរដ្ឋទាំងអស់ដែលជាសមាជិក EU គួរតែគោរព និងអនុវត្តតាមសេចក្តីសម្រេច របស់តុលាការអន្តរជាតិមួយនេះ៕