(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមានកម្ទេចទីតាំងសត្រូវរបស់ខ្លួន តាមរយៈការប្រើមីស៊ីលបាលីស្ទីក Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំឡេង១០ដង និងធ្វើដំណើរក្នុង៣០នាទីបានរយៈចម្ងាយជាង៥៤០០គីឡូម៉ែត្រ។
មីស៊ីលបាលីស្ទីកលឿនជាងសំឡេង Oreshnik នេះ ត្រូវបានប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី ២១វិច្ឆិកា បាញ់ដាក់លើក្រុងឧស្សាហកម្ម Dnepropetrovsk ដែលជាមជ្ឈមណ្ឌលផលិតអាវុធដ៏ ធំមួយរបស់អ៊ុយក្រែន។
លោក វ្លាឌីមៀរ ពូទីន បានថ្លែងតាមសារមួយប្រាប់ពលរដ្ឋរុស្ស៊ីតាមការផ្សាយទូរទស្សន៍ថា «យើងកំពុងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី Oreshnik ដើម្បីឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការផលិត និងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីជាងនៅក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
មេដឹកនាំរុស្ស៊ី បានថ្លែងថា មីស៊ីលបាលីស្ទីកលឿនជាងសំឡេង Oreshnik នេះ ធ្វើដំណើរក្នុងល្បឿន Mach 10 ពោលគឺល្បឿនពី ២.៥ ទៅ ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី ឬបានចម្ងាយជាង ៥៤០០គីឡូម៉ែត្រ ក្នុងរយៈពេលកន្លះម៉ោង។
លោកពូទីន បានថ្លែងថា «យើងសន្មត ការប្រើប្រាស់សិទ្ធិអាវុធរបស់យើង ប្រឆាំងនឹងទីតាំងយោធានៃប្រទេសទាំងឡាយណា ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់ពួកគេ បាញ់ ដាក់មកលើទីតាំងរបស់រុស្ស៊ី»។
លោកពូទីនបានព្រមានដល់បណ្តាមេដឹកនាំប្រទេសដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈ ចម្ងាយឆ្ងាយបាញ់ចូលក្នុងទឹកដីរុស្ស៊ី ត្រូវពិចារណារឿងនេះឱ្យបានហ្មត់ចត់។ លោក បានថ្លែងថា «ក្នុងករណី ដែលមានការកើនឡើងនៃសកម្មភាពឈ្លានពានដាក់មកលើរុស្ស៊ី យើងនឹងឆ្លើយតបដោយម៉ឺងម៉ាត់ និងក្នុងលក្ខណៈដូចគ្នាទៅវិញទៅមក។ ខ្ញុំសូម ស្នើឱ្យឥស្សរជនដែលកំពុងកាន់អំណាចនៃបណ្តាប្រទេសដែលកំពុងឱ្យមានផែនការប្រើប្រាស់ កម្លាំងយោធារបស់ពួកគេប្រឆាំងនឹងរុស្ស៊ី ត្រូវពិចារណារឿងនេះឱ្យបានហ្មត់ចត់»។
មេដឹកនាំរុស្ស៊ីរូបនេះក៏បានព្រមានទៀតថា «បច្ចុប្បន្ននេះ មានប្រព័ន្ធអាវុធការពារដែនអាកាស គ្រប់ប្រភេទដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកក្នុងទ្វីបអឺរ៉ូប ប៉ុន្តែប្រព័ន្ធអាវុធការពារ ដែនអាកាសទាំងនោះ មិនអាចស្ទាក់ចាប់មីស៊ីលបាលីស្ទីកទំនើប Oreshnik បានឡើយ។ វាមិនអាចទៅរួចបានឡើយ»៕