(ប៉ារីស)៖ បារាំងបានបន្ទន់ការឆ្លើយតបរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែល ដោយគ្រាន់តែនិយាយថា ខ្លួន «បានកត់សម្គាល់» លើសេចក្តីសម្រេចនេះ ដែលមិនមែនជាសាលក្រម គ្រាន់តែជាការចោទប្រកាន់ជាផ្លូវការប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេស លោក Christophe Lemoine បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ នៅថ្ងៃព្រហស្បតិ៍នេះ ថា «ប្រទេសបារាំងបានកត់សម្គាល់ពីការសម្រេចចិត្តនេះ។ ជាការពិតចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួន ក្នុងការគាំទ្រយុត្តិធម៌អន្តរជាតិ វាបានរំលឹកឡើងវិញនូវការភ្ជាប់ខ្លួនទៅនឹងការងារឯករាជ្យរបស់តុលាការ ស្របតាមលក្ខន្តិកៈទីក្រុងរ៉ូម»។

ទន្ទឹមគ្នានេះ លោក Lemoine បានបដិសេធមិនបញ្ជាក់ថា តើបារាំងនឹងចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ដែរឬទេ ប្រសិនបើលោកមកបំពេញទស្សនកិច្ចនៅប្រទេសបារាំង។ លោកបានបញ្ជាក់ថា បញ្ហានេះមានភាពស្មុគស្មាញតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ជំហររបស់បារាំងនេះ បានបង្ហាញពីការប្រុងប្រយ័ត្ន ក្នុងការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ តុលាការអន្តរជាតិ ICC ដែលអាចនឹងប៉ះពាល់ដល់ទំនាក់ទំនង ជាមួយអ៊ីស្រាអែល។ ជាមួយគ្នានេះ បារាំងក៏បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួន ចំពោះយុត្តិធម៌អន្តរជាតិ និងឯករាជ្យភាពរបស់ ICC៕