(ហុងគ្រី)៖ រដ្ឋមន្ត្រីមហាផ្ទៃហុងគ្រី បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី អាចនឹងក្លាយជាសមាជិកពេញសិទ្ធិនៃតំបន់ Schengen នៅខែមករា ឆ្នាំ២០២៥ ខណៈការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីមហាផ្ទៃសហភាពអឺរ៉ុបនៅខែធ្នូចុងឆ្នាំនេះ។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

រ៉ូម៉ានី និងប៊ុលហ្គារី ដែលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ បានចូលរួមតំបន់ Schengen មួយផ្នែកកាលពីខែមីនា។ ការចូលរួមនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអូទ្រីស ដែលដំបូងឡើយបានជំទាស់នឹងការចូលរួមរបស់ពួកគេ ដោយសារការព្រួយបារម្ភ អំពីបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។ បច្ចុប្បន្ន ការត្រួតពិនិត្យព្រំដែនតាមផ្លូវអាកាសនិងផ្លូវទឹក រវាងប្រទេសទាំងពីរនេះនិងប្រទេសដទៃទៀត នៅក្នុងតំបន់ Schengen ត្រូវបានលុបចោល។ ប៉ុន្តែ ការចរចាជាមួយអូទ្រីសដើម្បីលុបចោលការត្រួតពិនិត្យព្រំដែនតាមផ្លូវគោក នៅតែបន្តរហូតដល់ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីមហាផ្ទៃហុងគ្រី លោក Sandor Pinter បាននិយាយ ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីរ៉ូម៉ានី ប៊ុលហ្គារី និងអូទ្រីស ថា
«ប្រទេសទាំងពីរ បានបោះជំហានដ៏សំខាន់ដើម្បីទទួលបានសមាជិកភាពពេញលេញ»។

ហុងគ្រីបានបញ្ជាក់ថា ដើម្បីធានាសន្តិសុខ និងទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ ខ្លួន នឹងដាក់ចេញនូវវិធានការសន្តិសុខថ្មីៗ រួមទាំងការដាក់ពង្រាយឆ្មាំព្រំដែនបន្ថែម នៅតាមព្រំដែនរវាងតួកគីនិងប៊ុលហ្គារី។

គួរបញ្ជាក់ថា Schengen គឺជាតំបន់មួយនៅអឺរ៉ុប ដែលមានប្រទេសចំនួន ២៧ ដែលបានលុបចោលការត្រួតពិនិត្យលិខិតឆ្លងដែន និងព្រំដែន នៅព្រំដែនរួមរបស់ពួកគេ។ នេះមានន័យថា ប្រជាពលរដ្ឋ អាចធ្វើដំណើរដោយសេរី រវាងប្រទេសទាំងនេះ ដោយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យព្រំដែន។ បច្ចុប្បន្ន ប្រទេសភាគច្រើននៅអឺរ៉ុប សុទ្ធតែជាសមាជិកនៃតំបន់ Schengen៕