(វ៉ាស៊ីនតោន)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងលោក Yoav Gallant ដែលជា អតីតរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ទទួលបន្ទុកមួយផ្នែកធំលើកិច្ចការសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។ ICC បាននិយាយថាខ្លួនមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាលោក Netanyahu និងលោក Gallant គឺជា អ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាមដោយប្រើប្រាស់ការបង្អត់អាហារជាមធ្យោបាយធ្វើសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងអំពើមនុស្សឃាត ការសម្លាប់ និងអំពើសាហាវព្រៃផ្សៃផ្សេងទៀត។ តុលាការអន្តរជាតិមានទីស្នាក់ការនៅទីក្រុងឡាអេមួយនេះក៏បានចេញដីកាចាប់ខ្លួនមេដឹកនាំយោធាហាម៉ាស លោក Mohammed Deif ដែលអ៉ីស្រាអែលអះអាងថាបានសម្លាប់ក្នុងតំបន់ហ្កាហ្សា កាលពីខែកក្កដាផងដែរ។
ដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant អាចនឹងប៉ះពាល់ដល់ការធ្វើដំណើរទៅក្រៅប្រទេសរបស់អ្នកទាំង២ ខណៈមេដឹកនាំអឺរ៉ុបមួយចំនួនបានបញ្ជាក់ថាពួកគេនឹងអនុវត្តតាមកាត្វកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិក ICC។
* ដូច្នេះតើដីកាចាប់ខ្លួននេះមានន័យយ៉ាងចំពោះលោក Netanyahu និងលោក Gallant?
ICC បានចេញបានដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានប្រព្រឹត្តចន្លោះយ៉ាងហោចចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ចន្លោះពេលនេះគឺជាកាលបរិច្ឆេទរវាងការផ្ទុះឡើងដំបូងនៃសង្រ្គាមហ្កាហ្សា និងនៅពេលរដ្ឋអាជ្ញា ICC ស្នើសុំដីកាចាប់ខ្លួន។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយមានភារកិច្ចកាត់ទោសជនទាំងឡាយណាដែលប្រព្រឹត្តអំពើឃោរឃៅដូចជាអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។ ICC មិនមានកងកម្លាំងប៉ូលិសផ្ទាល់ខ្លួនទេ ដូច្នេះ ត្រូវពឹងផ្អែកលើរដ្ឋជាសមាជិកទាំង១២៤ ដើម្បីអនុវត្តដីកាចាប់ខ្លួន។ តាមពិតទៅ អ៉ីស្រាអែលមិនមែនជាសមាជិក ICC ឡើយ ហើយបានអះអាងថា ICC មិនមានយុត្តាធិការលើជនជាតិអ៉ីស្រាអែលទេ។ ប៉ុន្តែ ICC បាននិយាយក្នុងពេលប្រកាសចេញដីកាចាប់ខ្លួនថាតុលាការអាចអនុវត្តយុត្តាធិការរបស់ខ្លួនដោយផ្អែកលើយុត្តាធិការលើដែនដីប៉ាឡេស្ទីនដែលបានទទួលស្គាល់យុត្តាធិការរបស់ ICC។
លោក Netanyahu និងលោក Gallant អាចនឹងត្រូវបានឃាត់ខ្លួន លុះត្រាតែអ្នកទាំង២ធ្វើដំណើរទៅកាន់ប្រទេសដែលជាសមាជិក ICC ដែលមានកាតព្វកិច្ចអនុវត្តដីកាចាប់ខ្លួន។ មួយវិញទៀត ICC ក៏មិនអាចបើក សវនាការកាត់ទោសកំបាំងមុខបាននោះដែរ ដែលនេះមានន័យថាលោក Netanyahu និងលោក Gallant នឹងមិនត្រូវប្រឈមនឹងសវនាការកាត់ទោសទេ លុះត្រាតែអ្នកទាំង២ធ្វើដំណើរទៅកាន់រដ្ឋជាសមាជិក ICC ណាមួយ ហើយត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ទីក្រុងឡាអេ។ និយាយជារួម លទ្ធភាពដែលលោក Netanyahu និងលោក Gallant អាចនឹងត្រូវបានចាប់ខ្លួនបញ្ជូនឡើងតុលាការគឺមានភាគរយតិចតួចសឹងតែមិន អាចទៅរួច។ តែទោះជាបែបនេះក្ដី តាមរយៈដីកា ICC វានឹងរឹតត្បិតលើសេរីភាពរបស់លោក Netanyahu និងលោក Gallant ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ព្រមទាំងអាចធ្វើឱ្យអ៉ីស្រាអែលឯកោបន្ថែមទៀត នៅលើឆាកអន្តរជាតិ។
* តើលោក Netanyahu និងលោក Gallant អាចធ្វើដំណើរទៅទីណាខ្លះ?
បណ្ដាប្រទេសអឺរ៉ុបភាគច្រើនគឺជាសមាជិក ICC ក្នុងនោះរួមមានទាំងសមាជិកសហភាពអឺរ៉ុប (EU) ទាំងអស់។ លោក Josep Borrell ជាប្រមុខការទូត EU បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាការអនុវត្តដីកាចាប់ខ្លួនជាកាតព្វកិច្ចសម្រាប់រដ្ឋទាំងអស់ជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាអន្តរជាតិបង្កើត ICC ឡើង។ ភ្លាមៗក្រោយ ICC ចេញដីកាចាប់ខ្លួន ហូឡង់បានប្រកាសថាខ្លួនមានឆន្ទៈ អនុវត្តតាម។ «ពិតប្រាកដណាស់ ហូឡង់គោរពឯករាជ្យភាពរបស់ ICC។ យើងមានកាតព្វកិច្ចធ្វើកិច្ចសហប្រតិបត្តិការជាមួយ ICC ហើយយើងក៏នឹងផ្ដល់កិច្ចសហការផងដែរ»។ នេះជាការគូសបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសអៀរឡង់ បាននិយាយថាអៀរឡង់ជាអ្នកគាំទ្រយ៉ាងរឹងមាំដល់ ICC និងអំពាវនាវឱ្យ រដ្ឋជាសមាជិកទាំងអស់គោរពឯករាជ្យភាព និងភាពមិនលំអៀងរបស់ ICC ដោយមិនត្រូវប៉ុនប៉ងបំផ្លាញតុលាការនេះឡើយ។ ចក្រភពអង់គ្លេសឯណោះវិញដែលជាសមាជិក ICC និងអ៉ីស្រាអែលផងនោះ បានចេញ សេចក្ដីថ្លែងការណ៍មួយមិនច្បាស់លាស់។ ជាក់ស្ដែង អ្នកនាំពាក្យម្នាក់រដ្ឋាភិបាលអង់គ្លេសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា «យើងគោរឯករាជ្យភាពរបស់តុលាការ តែអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ រួចហើយថាអ៉ីស្រាអែលមានសិទ្ធិដើម្បីការពារខ្លួនឯង អនុលោមតាមច្បាប់អន្តរជាតិ។ ចំណែក សហរដ្ឋអាមេរិក គេមិនបាច់និយាយច្រើនទេព្រោះអាមេរិកមិនមែនជាសមាជិក ICC និងជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច របស់អ៉ីស្រាអែល។
* តើដីកាចាប់ខ្លួនមានន័យយ៉ាងណាចំពោះសង្គ្រាមហ្កាហ្សា?
ក្រោយការចេញដីកាចាប់ខ្លួនរបស់ ICC លោក Netanyahu បានបង្កើនការតាំងចិត្តថាលោកនឹងបន្តធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា ជាមួយការថ្កោលទោសដីការបស់ ICC ថាជាគួរឱ្យខ្ពើមរអើម។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «គ្មានការសម្រេចចិត្តប្រឆាំងអ៉ីស្រាអែលដ៏គួរឱ្យខ្ពើមរអើមណាមួយអាចបញ្ឈប់យើងបានទេ ហើយវាមិនអាចបញ្ឈប់ខ្ញុំ ពីការបន្តការពារប្រទេសរបស់ពួកយើងដោយប្រើគ្រប់មធ្យោបាយ ទាំងអស់បាននោះឡើយ។ យើងនឹងមិនឱនក្បាលចំពោះសម្ពាធនោះទេ»។
លោក Gallant ដែលត្រូវបានលោក Netanyahu បណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលនៅក្នុងខែវិច្ឆិកានេះ បាននិយាយថាអ៉ីស្រាអែលនឹងមិនត្រូវបានបំបាក់ស្មារតីដាច់ខាត។ លោកបានបន្ថែម ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាកងកម្លាំងការពារអ៉ីស្រាអែលនឹងបន្តការប្រយុទ្ធដើម្បីសម្រេចឱ្យបាននូវគោលដៅនៃសង្រ្គាម ហើយរូបលោកនឹងបន្ត ឈរជាមួយកងទ័ពអ៉ីស្រាអែល បន្តធ្វើប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈខ្ពស់ និងក្រមសីលធម៌ ខណៈការពាររដ្ឋអ៉ីស្រាអែល៕