(តិចសាស)៖ អភិបាលរដ្ឋ Texas សហរដ្ឋអាមេរិក បានបញ្ជាឱ្យទីភ្នាក់ងាររដ្ឋ បញ្ឈប់ការវិនិយោគ នៅប្រទេសចិន និងលក់ទ្រព្យសម្បត្តិនៅទីនោះ កាន់តែឆាប់កាន់តែល្អ, ដោយបានលើកឡើងពីហានិភ័យផ្នែកហិរញ្ញវត្ថុ និងសន្តិសុខ ដែលជាសញ្ញានៃការកើនឡើងភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន ដែលចាប់ផ្តើមប៉ះពាល់ដល់លំហូរមូលធនពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងលិខិតផ្ញើទៅកាន់ទីភ្នាក់ងារដ្ឋ មានកាលបរិច្ឆេទនៅថ្ងៃទី២១ ខែវិច្ឆិកា ហើយបានបង្ហោះលើគេហទំព័ររបស់លោក, លោក Greg Abbott បានលើកឡើងថា «សកម្មភាពដែលប្រមាថ» នៃគណបក្សកុម្មុយនីស្តកំពុងកាន់អំណាចចិន បានបង្កើនហានិភ័យដល់ការវិនិយោគរបស់រដ្ឋ Texas ក្នុងប្រទេសចិន ហើយបានប្រាប់ឱ្យវិនិយោគិនចាកចេញ។
«ខ្ញុំណែនាំអង្គភាពវិនិយោគនៅរដ្ឋ Texas ថា អ្នកត្រូវបានហាមឃាត់ មិនឱ្យធ្វើការវិនិយោគថ្មី នៃមូលនិធិរដ្ឋ នៅក្នុងប្រទេសចិននោះទេ។ ចំពោះវិសាលភាព ដែលអ្នកមានការវិនិយោគបច្ចុប្បន្ន នៅក្នុងប្រទេសចិន អ្នកតម្រូវឱ្យដកខ្លួនចេញ នៅឱកាសដំបូងដែលមាន» លោក Greg Abbott បានលើកឡើង។
ទីភ្នាក់ងារដ្ឋរបស់ Texas ដែលរួមបញ្ចូលទាំង Teacher Retirement System of Texas នោះ, មានទឹកប្រាក់ចំនួន២១០.៥ពាន់លានដុល្លារ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ គិតត្រឹមចុងខែសីហា។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។
លិខិតរបស់លោក Abbott បានលើកឡើងថា លោកបានប្រាប់ទៅកាន់ក្រុមហ៊ុន University of Texas/Texas A&M Investment Management Company (UTIMCO) ដែលគ្រប់គ្រងទឹកប្រាក់ជិត៨០ពាន់លានដុល្លារ ដើម្បីដកខ្លួនចេញពីប្រទេសចិន កាលពីដើមឆ្នាំនេះ។
ទីផ្សារនៅក្នុងប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង នៅថ្ងៃសុក្រ ជាមួយនឹងក្រុមហ៊ុន Shanghai Composite បានធ្លាក់ចុះ៣ភាគរយ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tencent បានធ្លាក់ចុះប្រហែល២ភាគរយ ក្នុងការជួញដូរពេលរសៀលនៅទីក្រុងហុងកុង៕