(ញូវយ៉ក)៖ ចៅក្រមអាមេរិកម្នាក់ដែលកាន់រឿងក្ដីព្រហ្មទណ្ឌសូកលុយបំបិទមាត់របស់លោក ដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេលប្រកាសសាលក្រមផ្តន្ទាទោសប្រធានាធិបតីជាប់ឆ្នោត ដោយគ្មានកាលកំណត់ ខណៈការប្រកាសសាលក្រមដំបូងឡើយ គ្រោងនឹងត្រូវធ្វើនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកចៅក្រម Juan Merchan ក៏បានពន្យារពេលធ្វើការសម្រេចចិត្តផងដែរស្ដីពីអភ័យឯកសិទ្ធិប្រធានាធិបតី រហូតទាល់តែរូបលោកពិនិត្យលើពាក្យបណ្ដឹងរបស់គូភាគីរួចរាល់។ តាមលោក Merchan ក្រុមមេធាវីរបស់លោក ត្រាំ មានពេលរហូតដល់ថ្ងៃទី២ ខែធ្នូ ដើម្បីដាក់ពាក្យបណ្ដឹងស្នើបិទសំណុំរឿង រីឯក្រុមរដ្ឋអាជ្ញាអាមេរិកមានពេលមួយសប្ដាហ៍ដើម្បីធ្វើការឆ្លើយតប។ ប៉ុន្តែលោកចៅក្រម មិនបានកំណត់កាលបរិច្ឆេទថ្មីដើម្បីប្រកាសសាលក្រមផ្ដន្ទាទោសនោះទេ ស្របពេលលោក Steven Cheung ជាអ្នកនាំពាក្យរបស់លោក ត្រាំ បានហៅការសម្រេចចិត្តរបស់លោក Mechan ថាជាជ័យជម្នះសម្រាប់លោកប្រធានាធិបតីជាប់ឆ្នោត។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីខែឧសភាកន្លងទៅ ត្រូវបានប្រកាសឱ្យជាប់ពិរុទ្ធលើបទចោទប្រកាន់៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារអាជីវកម្មដើម្បីបិទបាំងការចំណាយលុយ ១៣០ ០០០ដុល្លារ ដើម្បីបំបិទមាត់តារាអាសអាភាសម្នាក់ឈ្មោះ Stormy Daniels កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោតប្រធានាធិបតីកាលឆ្នាំ២០១៦។ ប៉ុន្តែ លោក ត្រាំ បានច្រានចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក។

ការប្រកាសសាលក្រមផ្តន្ទាទោសលោក ត្រាំ ធ្លាប់ត្រូវបានកំណត់ធ្វើឡើងកាលពីខែកក្កដាកន្លងទៅ តែត្រូវបានពន្យារពេល ២ដង រួចមកហើយ ក្រោយតុលាការកំពូលអាមេរិកប្រកាសថាលោក ត្រាំ មានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស ចំពោះសកម្មភាពផ្លូវការ ដែលលោកបានប្រព្រឹត្ត អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក៕