(ម៉ានីល)៖ ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីននឹងធ្វើការផ្ទៀងផ្ទាត់លើការគំរាមសម្លាប់របស់អនុប្រធានាធិបតី លោកស្រី Sara Duterte ប្រឆាំងនឹងលោកប្រធានាធិបតី Ferdinand Marcos Jr. ខណៈមន្ត្រី ជាន់ខ្ពស់ម្នាក់នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកានេះបានចាត់ទុកថាការគំរាមនេះជាបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Sara Duterte បាននិយាយដោយឥតលាក់លៀមនៅឯសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ថាលោកស្រីបានជួលឃាតកម្នាក់ ហើយបានបញ្ជាឱ្យរូបគេសម្លាប់លោក Marcos និងភរិយារបស់លោក ព្រមទាំងប្រធានសភាហ្វីលីពីន នៅក្នុងករណីដែលលោកស្រីផ្ទាល់ត្រូវគេសម្លាប់។ លោក Eduardo Ano ជាទីប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីន បាននិយាយថារដ្ឋាភិបាល ចាត់ទុករាល់ការគំរាមកំហែងដល់ប្រធានាធិបតី គឺជាបញ្ហាសន្តិសុខជាតិ ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីអនុវត្តច្បាប់ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដើម្បីស៊ើបអង្កេតការគំរាម កំហែង និងអាចវែកមុខជនល្មើស។ «រាល់ការគំរាមកំហែងទាំងអស់ដល់អាយុជីវិតរបស់ប្រធានាធិបតី គឺត្រូវតែធ្វើការផ្ទៀងផ្ទាត់ និងចាត់ទុកជាបញ្ហាសន្តិសុខជាតិ»។ នេះជាការគូសបញ្ជាក់របស់លោក Ano នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
គួរបញ្ជាក់ថា ជម្លោះរវាងគ្រួសារលោក Duterte និងគ្រួសារលោក Marcos បានរាលដាលកាន់តែធំនារយៈពេលប៉ុន្មានខែចុងក្រោយនេះ ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស និងសង្រ្គាមប្រឆាំង គ្រឿងញៀនរបស់លោក Duterte។ ជាការឆ្លើយតបទៅនឹងការគំរាមរបស់លោកស្រី Sara Duterte ការិយាល័យរបស់លោកប្រធានាធិបតី Marcos បាននិយាយថាខ្លួនបាន និងកំពុងរឹតបន្តឹងការការពារ សន្តិសុខរបស់ថ្នាក់ដឹកនាំ ហើយមេប៉ូលិសជាតិក៏បានបញ្ជាឱ្យមានការស៊ើបអង្កេតផងដែរ៕