(Reuters)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Andrei Rudenko បាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់តៃវ៉ាន់ ដើម្បីបង្កជាវិបត្តិធ្ងន់ធ្ងរមួយនៅក្នុងតំបន់អាស៊ី និងបានបញ្ជាក់ឡើងវិញពីការគំាទ្ររបស់ទីក្រុងមូស្គូដល់គោលជំហររបស់ចិនចំពោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៉ី TASS ដែលត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកានេះ លោក Rudenko បានកត់សម្គាល់ថា «យើងកំពុងឃើញថា ទីក្រុងវ៉ាស៊ីនតោន ដែលបានបំពានគោលការណ៍ចិនតែមួយ កំពុងពង្រឹងទំនាក់ទំនងយោធា និងនយោបាយជាមួយទីក្រុងតៃប៉ិ នៅក្រោមពាក្យស្លោករក្សាស្ថានភាពដើម និងការបង្កើនការផ្គត់ផ្គង់អាវុធ»។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះក៏បានចោទប្រកាន់ដែរថាគោលដៅចម្បងរបស់សហរដ្ឋអាមេរិក ក្នុងការលូកលាន់កិច្ចការក្នុងតំបន់ នោះគឺ រករឿងឈ្លោះជាមួយចិន និងបង្កឱ្យមានវិបត្តិមួយនៅក្នុងតំបន់អាស៊ី ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តកញ្ចប់ថវិកា ៥៦៧លានដុល្លារ សម្រាប់ការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់ ហើយនៅពេលនោះ រុស្ស៉ី ក៏បានចេញមុខប្រកាសពីជំហរគាំទ្រចិនផងដែរ។ តែយ៉ាងណា ខាងក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Rudenko៕