(ឌូបៃ)៖ ក្រសួងការបរទេសអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា បានឱ្យដឹងថាអ៉ីរ៉ង់នឹងបើកកិច្ចចរចាស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចអឺរ៉ុបចំនួន៣ នៅថ្ងៃទី២៩ ខែវិច្ឆិកា ប៉ុន្មានថ្ងៃបន្ទាប់ពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយប្រឆាំងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីរ៉ង់បានបញ្ចេញប្រតិកម្មទៅនឹងដំណោះស្រាយ ដែលស្នើឡើងដោយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ជាមួយការដំណើរការនូវម៉ាស៊ីន centrifuges ថ្មីៗទំនើប ជាច្រើនគ្រឿង។ centrifuges គឺជាម៉ាស៊ីនសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo ដែលបានរាយការណ៍មុនគេពីកិច្ចចរចាខាងលើដែលនឹងត្រូវធ្វើ ឡើងនៅទីក្រុងហ្សឺណែវ បានបញ្ជាក់ទៀតថារដ្ឋាភិបាលរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កំពុងព្យាយាមស្វែងរកដំណោះស្រាយមួយសម្រាប់ កិច្ចចរចានុយក្លេអ៊ែរដែលកំពុងជាប់គាំង ឱ្យបានមុនលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។

ជុំវិញសេចក្ដីរាយការណ៍របស់ Kyodo ផងដែរ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានទទួលស្គាល់ថាកិច្ចចរចានុយក្លេអ៊ែរនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយបន្ថែមថាទីក្រុងតេហេរ៉ង់ តែងតែជឿជាក់ថាបញ្ហានុយក្លេអ៊ែរគួរតែត្រូវបានដោះស្រាយតាមរយៈការទូត។ រហូតដល់ថ្ងៃអាទិត្យម្សិលមិញ ទើបអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានចេញមុខអះអាងថាអនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសនឹងត្រូវចូលរួមក្នុងកិច្ចចរចាដែលនឹងគ្របដណ្ដប់លើបញ្ហាក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំង សំណុំរឿងនុយក្លេអ៊ែរ៕